(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក ម៉ាក អ៊ែស្ពើរ (Mark Esper) បានចេញបទបញ្ជាឲ្យបញ្ឈប់រាល់ការធ្វើដំណើរ ទៅបរទេសរបស់យោធាអាមេរិក ក្នុងរយៈពេល ៦០ថ្ងៃ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19។ នេះបើយោងតាមការស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី ២៦ ខែមីនា ឆ្នាំ ២០២០។

នៅក្នុងបទសម្ភាសន៍មួយ ដែលបានធ្វើឡើងនៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) លោក អ៊ែស្ពើរ បានគូសបញ្ជាក់ថា បទបញ្ជាខាងលើនេះនឹងត្រូវអនុវត្ត ទៅលើកងកម្លាំងសហរដ្ឋអាមេរិក ព្រមទាំងបុគ្គលិកស៊ីវិល និងក្រុមគ្រួសារទាំងអស់។ ប៉ុន្តែទោះជាយ៉ាងណា លោកក៏បានបញ្ជាក់ដែរថា គឺមានករណីលើកលែងមួយចំនួនផងដែរ។

លោក អ៊ែស្ពើរ បានគូសបញ្ជាក់ពីកម្មវត្ថុ នៃបទបញ្ជានេះយ៉ាងដូច្នេះថា «គោលបំណងរបស់វិធានការដែលបានដាក់ចេញនេះ គឺដើម្បីធានាឲ្យប្រាកដថា យើងមិននាំវីរុសត្រឡប់ផ្ទះមកចម្លងដល់អ្នកដទៃទេ ដែលនេះមានន័យថា យើងមិនបានធ្វើឲ្យវារីករាលដាលក្នុងចំណោមរបស់យោធាយើងទេ»

គួរជម្រាបថា រហូតមកដល់ពេលនេះ វិធានការមួយនេះគឺមានឥទ្ធិពលបំផុត ហើយវានឹងជះឥទ្ធិពលដល់កងកម្លាំងយោធានៅជុំវិញពិភពលោក។ បច្ចុប្បន្នសហរដ្ឋអាមេរិក បានកត់ត្រាអ្នកឆ្លងសរុបនៃជំងឺ COVID-19 រហូតដល់ ៦៦,០៤៨ករណី ក្នុងនោះ ៩៤៤នាក់ស្លាប់បាត់បង់ជីវិត ហើយ ៣៩៤នាក់ផ្សេងទៀតបានជាសះស្បើយឡើងវិញ៕