(សេអ៊ូល)៖ នាព្រឹកថ្ងៃចន្ទនេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលចំនួន ០៣គ្រាប់ចូលទៅក្នុងសមុទ្រខាងកើត ហើយបើតាមយោធាកូរ៉េខាងត្បូង ពួកវាគឺជាប្រភេទមីស៊ីលរយៈចម្ងាយខ្លីប៉ុណ្ណោះ។ នេះបើតាមការដកស្រង់ ការផ្សាយពីទីភ្នាក់ងារព័ត៌មាន Yonhap នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០។

មីស៊ីលទាំងនោះត្រូវបានបាញ់ចេញពីតំបន់ក្បែរក្រុង សុនដុក (Sondok) នៃខេត្តហាំយ៉ុងខាងត្បូង (South Hamyong) របស់កូរ៉េខាងជើង ឆ្ពោះទៅកាន់ទិសឦសាន។ ជុំវិញហេតុការណ៍នេះ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា ពួកវាហោះបានចម្ងាយប្រហែល ២០០គីឡូម៉ែត្រ និងឡើងដល់កម្រិតខ្ពស់បំផុត ៥០គីឡូម៉ែត្រ។ ដោយឡែកកាលពីថ្ងៃទី០២ ខែមីនា កូរ៉េខាងជើងក៏បានធ្វើការបាញ់តេស្តមីស៊ីលស្រដៀងៗគ្នាបែបនេះដែរ។

យោងតាមយោធាកូរ៉េខាងត្បូងដដែល ការបាញ់មីស៊ីលនៅព្រឹកថ្ងៃចន្ទនេះ ទំនងជាស្ថិតក្នុងការធ្វើសមយុទ្ធបាញ់កាំភ្លើងធំ និងប្រព័ន្ធជើងទម្រមីស៊ីល ក្រោយការធ្វើសមយុទ្ធស្រដៀងគ្នានេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ និងថ្ងៃទី០២ ខែមីនា។ គួរបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែមីនា កូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយខ្លីចំនួន ០២គ្រាប់ កំឡុងសមយុទ្ធបាញ់កាំភ្លើងធំ ដែលមានលោក គីម ជុងអ៊ុន ជាអ្នកបញ្ជាផ្ទាល់៕