(តូក្យូ)៖ អាជ្ញាធរជប៉ុននៅថ្ងៃចន្ទនេះបានឱ្យដឹងថា ចំនួនអ្នកឆ្លងវីរុស COVID-19 បានកើនឡើងដល់ ៤៨០ករណីហើយ បន្ទាប់ពីករណីឆ្លងថ្មីៗចំនួន ៣៣នាក់ទៀត ត្រូវបានរាយការណ៍គិតត្រឹមម៉ោង ១០៖៣០នាទីព្រឹក (ម៉ោងនៅទីក្រុងតូក្យូ)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០។

ចំនួនអ្នកឆ្លងសរុបទាំង ៤៨០ករណីខាងលើនៅក្នុងប្រទេសជប៉ុន គឺមិនរាប់បញ្ចូលឡើយនូវចំនួនអ្នកឆ្លង COVID-19 ចេញពីកប៉ាល់ដាយមិនដ៍ព្រីនសេស (Diamond Princess) ហើយខេត្តដែលមានករណីឆ្លងច្រើនជាងគេមាន ខេត្តអាយជិ (Aichi) មាន ៨០ករណី, ទីក្រុងតូក្យូ ៦៤ករណី និងទីក្រុងអូសាកា ៥៥ករណី។

ក្រសួងសុខាភិបាលជប៉ុនក៏បានបញ្ជាក់ផងដែរថា អ្នកជំងឺឆ្លង COVID-19 ចំនួន ៣៣នាក់កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈអ្នកស្លាប់វិញកើនដល់ ១៤នាក់ ហើយអ្នកជំងឺ ៣១១នាក់ ត្រូវបានអនុញ្ញាត ឱ្យចេញពីមន្ទីរពេទ្យក្រោយជាសះស្បើយទាំងស្រុង៕