(បារីស)៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលបារាំងលោក អូលីវែ វើរ៉ង់ (Olivier Veran) កាលពីថ្ងៃអាទិត្យម្សិលមិញ បានប្រកាសហាមឃាត់ជាបណ្តោះអាសន្ន លើការជួបជុំជាសាធារណៈដែលមានចំនួនមនុស្សលើសពី ១,០០០នាក់ឡើង ខណៈអាជ្ញាធរប្រទេសអ៊ីរ៉ុបមួយនេះបានបញ្ជាក់ថា ចំនួនអ្នកជំងឺដែលបានឆ្លងវីរុស COVID-19 នៅក្នុងប្រទេសអឺរ៉ុបមួយនេះកើនឡើងដល់ ១,១២៦ករណី។ នេះបើតាមការចេញដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី ០៩ ខែមីនា ឆ្នាំ២០២០។

នៅក្នុងកិច្ចប្រជុំមួយនៅឯវិមានអេលៅហ្សេ ស្តីអំពីវីរុស COVID-19 លោក Veran បានគូសបញ្ជាក់ឲ្យដឹងថា រាល់ព្រឹត្តិការណ៍ទាំងអស់ដែលរំពឹងថា នឹងអាចទាក់ទាញមនុស្សឲ្យចូលរួមច្រើន ១,០០០នាក់ នឹងត្រូវហាមឃាត់នៅទូទាំងប្រទេសបារាំង លើកលែងតែព្រឹត្តិការណ៍ ដែលត្រូវបានគេចាត់ទុកថា មានប្រយោជន៍សម្រាប់អាយុជីវិតជាតិប៉ុណ្ណោះ។

នៅក្នុងវិធានការណ៍មួយទៀត ដើម្បីជួយទប់ទល់នឹងការរីករាលដាល នៃវីរុសដ៏កាចសាហាវមួយនេះ លោក Veran ក៏បានសន្យាថា នឹងធ្វើឲ្យអ្នកជំងឺមានភាពកាន់តែងាយស្រួល ក្នុងការទទួលបានសេវាហៅទូរស័ព្ទចល័ត តាមរយៈការចុះហត្ថលេខាលើក្រឹត្យមួយ ដែលជួយសម្រួលដល់ការប្រើប្រាស់សេវាកម្មទូរស័ព្ទក្នុងមន្ទីរពេទ្យ។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីក៏បានបញ្ជាក់ជាថ្មីពីភាពចាំបាច់ នៃការអនុវត្តអនាម័យផ្ទាល់ខ្លួន ដូចជាការលាងដៃឲ្យាបានញឹកញាប់ ប្រើប្រាស់ម៉ាស់បិទមុខ ឬខ្ទប់នឹងកែងដៃនៅពេលក្អក ឬកណ្តាស់ម្តងៗ ហើយត្រូវចៀសវាងការចាប់ដៃ និងឱបជាដើម។

គួរជម្រាបថា កាលពីថ្ងៃអាទិត្យម្សិលមិញ ក្រសួងសុខាភិបាលបារាំងបានបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លង COVID-19 បានកើនឡើងដល់ ១៩នាក់ ក្នុងចំណោមតួលេខអ្នកឆ្លងសរុប ១,១២៦ករណីហើយនៅទូទាំងប្រទេសបារាំង៕