(រីយ៉ាត)៖ អាជ្ញាធរសុខាភិបាលអារ៉ាប៊ីសាអ៊ូឌីត ទើបតែបានប្រកាសពីការរកឃើញអ្នកឆ្លងវីរុស COVID-19 ចំនួន ០៤នាក់បន្ថែមទៀត ដែលធ្វើចំនួនអ្នកឆ្លងសរុប នៅក្នុងប្រទេសស្តេចប្រេងមួយនេះកើនឡើងដល់ ១១ករណីហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន អាល់អារ៉ាប៊ីយ៉ា (Alrabiya) នាព្រឹកថ្ងៃចន្ទ ទី ០៩ ខែមីនា ឆ្នាំ ២០២០។

ក្នុងចំណោមករណីថ្មីទាំងបួនខាងលើមាន ៣ករណី ត្រូវបានរកឃើញលើខ្លួនជនជាតិអារ៉ាប៊ីសាអ៊ូឌីត ដែលធ្លាប់មានទំនាក់ទំនងដោយផ្ទាលជាមួយអ្នកជំងឺ COVID-19 ខណៈមួយករណីផ្សេងទៀត ក៏ជាជនជាតិអារ៉ាប៊ីសាអ៊ូឌីតដែរ ប៉ុន្តែម្នាក់ចុងក្រោយនេះ គឺទើបតែបានត្រលប់មកពីប្រទេសអ៊ីរ៉ង់ ដោយបានឆ្លងកាត់តាមប្រទេសអេមីរ៉ាត់អារ៉ាប់រួម។

សេចក្តីប្រកាសខាងលើ ត្រូវបានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រសួងសុខាភិបាល នៃប្រទេសមជ្ឈិមបូព៌ាមួយនេះ បានស្នើសុំឲ្យប្រជាជនរបស់ខ្លួនទាំងអស់ ដែលធ្លាប់ធ្វើដំណើរទៅប្រទេសលីបង់ អេហ្ស៊ីប អ៊ីតាលី និងប្រទេសកូរ៉េខាងត្បូង ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ស្នាក់នៅឲ្យដាច់ដោយឡែកពីគេឯងរយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃដែលពួកគេបានមកដល់ប្រទេសវិញ។

គួរជម្រាបថា អាជ្ញាធរអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងដាក់ចេញនូវវិធានការការពារទុកជាមុនជាច្រើន ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសឆ្លង COVID-19 ដែលក្នុងនោះរួមមានការផ្អាកផ្តល់ទិដ្ឋាការធ្វើអឹមរ៉ាហ៍ (Umrah) ដែលជាពិធីបុណ្យបែបសាសនាឥស្លាមជាដើម៕