(ប៉េកាំង)៖ ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅទូទាំងប្រទេសចិន បានកើនឡើងដល់ ៨០,៧៣៥ករណីហើយ ដោយនៅក្នុងនោះអ្នកជំងឺសរុប ៥៨,៦០០នាក់បានជះសះស្បើយ និងត្រឡប់ទៅផ្ទះវិញ ខណៈអ្នកជំងឺសរុប ៣,១១៩នាក់ទៀត បានស្លាប់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០។

តាមតួលេខដែលត្រូវបានបញ្ចេញ ដោយគណៈកម្មការសុខាភិបាលចិន (NHC) បានឲ្យដឹងទៀតថា នៅរយៈពេលមួយថ្ងៃអាទិត្យម្សិលមិញនេះ អ្នកជំងឺសរុប ១,៥៣៥នាក់បន្ថែមទៀតបានជាសះស្បើយ និងត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះរបស់ពួកគេវិញ នៅក្នុងទឹកដីចិនជាពិសេសខេត្តហ៊ូប៉ី និងទីក្រុងវូហាន។

បន្ថែមពីខាងលើនេះ នៅពេញមួយថ្ងៃអាទិត្យដដែល មនុស្សចំនួន ៤០នាក់បន្ថែមទៀតបានឆ្លងវីរុស COVID-19 និងអ្នកជំងឺ ២២នាក់បាត់បង់ជីវិត (២១នាក់នៅហ៊ូប៉ី)។ សម្រាប់តួលេខថ្មីៗដែលត្រូវបានបញ្ចេញជាផ្លូវការ ដោយអាជ្ញាធរសុខាភិបាលចិនខាងលើនេះ គឺបានបង្ហាញពីសញ្ញាធ្លាក់ចុះ កាន់តែខ្លាំងបន្ថែមទៀតនៃចំនួនអ្នកឆ្លង និងស្លាប់ដោយសារតែវីរុស COVID-19 នៅទូទាំងប្រទេសចិន៕