(ស៊ីដនី)៖ សាលាវិទ្យាល័យមួយកន្លែងស្ថិតនៅតំបន់ស៊ីដនីខាងជើង (North Sydney) ត្រូវបានបិទទ្វារភ្លាមៗតែម្តង ក្រោយពីសិស្សម្នាក់អាយុ ១៦ឆ្នាំ ត្រូវបានក្រុមជំនាញធ្វើតេស្ត និងរកឃើញមានផ្ទុកមេរោគ COVID-19 នៅក្នុងខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី០៦ ខែមីនា ឆ្នាំ២០២០។

យោងតាមអាជ្ញាធររដ្ឋញូសោតវែលស៍ (NSW) «ការសម្រេចចិត្តបិទវិទ្យាល័យអេបភីងប៊យស៍ (Epping Boys) គឺត្រូវបានធ្វើឡើងភ្លាមៗតែម្តង ហើយអាជ្ញាធរ NSW ពិតជាព្រួយបារម្ភខ្លាំងណាស់ ចំពោះសុខុមាលភាពរបស់សិស្ស ហើយនឹងតាមដានករណីនេះជាបន្តទៀត ខណៈការបិទសាលារៀន គឺជាត្រូវបានចាត់ទុកជាសារឲ្យប្រុងប្រយ័ត្នមួយ»

គួរបញ្ជាក់ថា អាជ្ញាធរសុខាភិបាលអូស្ត្រាលី បានអំពាវនាវឲ្យប្រជាជនទាំងអស់ មានការស្ងប់ស្ងាត់ ហើយជឿជាក់ទៅលើកិច្ចការងាររបស់អាជ្ញាធរ ដែលបាននិងកំពុងព្យាយាមធ្វើការងារយ៉ាងល្អឥតខ្ចោះ ដើម្បីទប់ស្កាត់ផលប៉ះពាល់បង្កឡើងដោយមេរោគឆ្លង COVID-19។ បច្ចប្បន្នអ្នកឆ្លង COVID-19 នៅអូស្ត្រាលីមានសរុប ៦០ករណី ក្នុងនោះ ០២នាក់បាត់បង់ជីវិត ហើយករណីភាគច្រើនបំផុត គឺជាអ្នកធ្វើដំណើរមកពីបរទេស៕