(ប្រេស៊ីឡា)៖ មនុស្សយ៉ាងតិច ២១នាក់បានបាត់បង់ជីវិត និង ៣២នាក់កំពុងបាត់ខ្លួនក្រោយមានភ្លៀងធ្លាក់ខ្លាំង ហើយបង្កទៅជាទឹកជំនន់ និងបំណាក់ដីនៅភាគអាគ្នេយ៍ប្រទេសប្រេស៊ីល។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២០។

យោងតាមអាជ្ញាធរប្រេស៊ីល ទីក្រុងនៅតាមបណ្តោយឆ្នេរភាគអាគ្នេយ៍ដូចជា សាន់តូស (Santos), ហ្គារូចា (Guaruja) និង វីសិន (Vicente) ដែលជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយប្រចាំនៅរដ្ឋ សៅប៉ូឡូ (Sao Paulo) បានរងការខូចខាតធ្ងន់ធ្ងរជាងគេ ខណៈរដ្ឋរីយ៉ូ (Rio de Janeiro) ក៏បានរងគ្រោះផងដែរ។ ក្នុងចំណោមអ្នកស្លាប់យ៉ាងហោច ២១នាក់នោះមាន ១៦នាក់នៅរដ្ឋ Sao Paulo និង ០៥នាក់នៅរដ្ឋ Rio de Janeiro។

គួរជម្រាបថា ជាមួយគ្នានេះនៅតាមតំបន់រងគ្រោះទាំងនោះ លំនៅឋានជាច្រើនខ្នងក៏បានរងការបំផ្លិចបំផ្លាញ រីឯយានជំនិះត្រូវទឹកហូរនាំយកទៅ ហើយសហគមន៍ត្រូវទឹកជន់លិច ឬគ្របដណ្តប់ដោយដីភក់។ កាលពីខែមករា ដើមឆ្នាំនេះវិញ មនុស្សជាង ៥០នាក់បានស្លាប់នៅរដ្ឋ មីណាស ហ្គឺរែស (Minas Gerais) ដែលនៅជាប់រដ្ឋ Sao Paulo ដោយសារតែការធ្លាក់ភ្លៀងយ៉ាងជោគជាំបំផុត នាប៉ុន្មានថ្ងៃជាប់ៗគ្នា៕