(គូឡាឡាំពួរ)៖ ក្រសួងសុខាភិបាលម៉ាឡេស៊ី បានឱ្យដឹងនៅថ្ងៃចន្ទនេះថា ខ្លួនកំពុងធ្វើការស៊ើបអង្កេតចំពោះព័ត៌មានដែលអះអាងថាអតីតរដ្ឋមន្ត្រីម្នាក់ និងអតីតឧបនាយករដ្ឋមន្ត្រី ម្នាក់ទៀត ទំនងជាបានឆ្លង និងធ្លាប់បានទាក់ទងដោយផ្ទាល់ជាមួយអ្នកជំងឺ COVID-19 ម្នាក់ កំឡុងចូលរួមក្នុងព្រឹត្តិការណ៍មួយ កាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី០២ ខែមីនា ឆ្នាំ២០២០។

ការប្រកាសខាងលើ របស់ក្រសួងសុខាភិបាលម៉ាឡេស៊ី គឺចង់សំដៅទៅលើព័ត៌មាន ត្រូវបានគេចែកចាយនៅលើបណ្ដាញទំនាក់ទំនងសង្គមនាពេលថ្មីៗនេះ ដែលថាមន្ត្រីជាន់ខ្ពស់ ពីរនាក់ ម្នាក់ជាអតីតរដ្ឋមន្ត្រី និងម្នាក់ទៀត ជាអតីតឧបនាយករដ្ឋមន្ត្រី ធ្លាប់បានទាក់ទងជាមួយអ្នកជំងឺ COVID-19 ម្នាក់ ដែលជាករណីឆ្លងទី២៦ កំឡុងចូលរួមក្នុងព្រឹត្តិការណ៍ មួយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។ លោក Noor Hisham Abdullah ជាអគ្គនាយកសុខាភិបាលម៉ាឡេស៊ី បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ ដូច្នេះថា៖ «បញ្ហានេះ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ហើយវិធានការសមស្រប នឹងត្រូវបានអនុវត្ត»។

សេចក្ដីថ្លែងការណ៍ដដែល មិនបានបញ្ជាក់ពីអត្តសញ្ញាណមន្ត្រីជាន់ខ្ពស់ទាំងពីរនាក់នោះទេ ប៉ុន្តែអតីតរដ្ឋមន្ត្រីម្នាក់មកពីគណបក្ស Bersatu បានប្រាប់សារព័ត៌មាន Bernama ថា រូបលោកបានធ្វើតេស្ដរក COVID-19 ដោយលទ្ធផលបង្ហាញថា «អវិជ្ជមាន»។ ចំណែក ឯ អតីតឧបនាយករដ្ឋមន្ត្រីម្នាក់ ក៏បានអះអាងដែរថាលទ្ធផលនៃការធ្វើតេស្តរបស់ លោកនឹងរួចរាល់ នៅថ្ងៃពុធសប្ដាហ៍នេះ៕