(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី០២ ខែមីនា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ នៅថ្ងៃចន្ទនេះប្រទេសកូរ៉េខាងជើង បានបង្កការភ្ញាក់ផ្អើលជាថ្មី ដោយការបាញ់តេស្ត «គ្រាប់មីស៊ីលផ្លោងបាលីស្ទិករយៈចម្ងាយខ្លី» ចំនួនពីរគ្រាប់ ធ្លាក់ចូលទៅក្នុងដែនសមុទ្រភាគខាងកើត នៅវេលាម៉ោង ១២៖៣៧នាទីថ្ងៃត្រង់ (ម៉ោងនៅទីក្រុងសេអ៊ូល)។

២៖ មេដឹកនាំក្រុមសាសនាមួយ ដែលជាប់ពាក់ព័ន្ធនឹងករណីឆ្លង COVID-19 ប្រមាណជាពាក់កណ្តាលនៅក្នុងប្រទេសកូរ៉េខាងត្បូង នាថ្ងៃចន្ទនេះបានចេញមុខសុំទោស ចំពោះការឆ្លងរីករាលដាលយ៉ាងឆាប់រហ័សបំផុត នៃជំងឺនេះនៅកូរ៉េខាងត្បូង ជាពិសេសទីក្រុងដេគូ (Daegu) និងខេត្តគ្យុងសាងខាងជើង។

៣៖ អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) បានឱ្យដឹងថា យោធាតួកគី បានបាញ់ទម្លាក់យន្ដហោះចម្បាំងពីរគ្រឿង និងផ្ដាច់ជីវិតទាហានស៊ីរី១៩នាក់ នៅក្នុង ខេត្ត Idlib។

៤៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងកូរ៉េខាងត្បូង KCDC បានឱ្យដឹងនៅថ្ងៃចន្ទនេះថា មនុស្ស៤នាក់បន្ថែមទៀត បានបាត់បង់ជីវិតដោយសារតែ ជំងឺ COVID-19 ដោយធ្វើឱ្យចំនួនអ្នកស្លាប់នៅទូទាំងប្រទេសកើនដល់២៦នាក់។

៥៖ ក្រសួងសុខាភិបាលអ៉ីរ៉ង់បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅទូទាំងប្រទេសបានកើនដល់ ៥៤នាក់ ខណៈករណីឆ្លងកើនដល់ ៩៧៨ករណី។

៦៖ អាជ្ញាធរសុខាភិបាលចិននាព្រឹកថ្ងៃចន្ទនេះ បានប្រកាសឲ្យដឹងថា ចំនួនអ្នកបាត់បង់ជីវិតដោយសារជំងឺឆ្លង COVID-19 នៅក្នុងតំបន់ និងខេត្តចំនួន ៣១ របស់ប្រទេសចិនបានបន្តកើនដល់ ២,៩១២នាក់ ក្នុងចំណោមអ្នកឆ្លងសរុប ៨០,០២ករណី៕