(បាងកក)៖ អាជ្ញាធរទេសចរណ៍ថៃ (TAT) នាថ្ងៃចន្ទនេះបានឲ្យដឹងថា ចំនួនភ្ញៀវទេសចរអន្តរជាតិដែលមកដើរកម្សាន្តក្នុងប្រទេសថៃ នៅក្នុងឆ្នាំ២០២០នេះ អាចនឹងធ្លាក់ចុះរហូតដល់ ០៦លាននាក់ ដោយសារការភ័យខ្លាចចំពោះការរាតត្បាតនៃជំងឺ COVID-19។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃចន្ទ ទី០២ ខែមីនា ឆ្នាំ២០២០។

យោងតាមអាជ្ញាធរទេសចរណ៍ថៃ តួលេខភ្ញៀវទេសចរបរទេសក្នុងប្រទេសថៃនាឆ្នាំនេះ អាចថយចុះ ០៦លាននាក់ គឺមកនៅត្រឹម ៣៣.៨លាននាក់ ដែលតួលេខនេះទាបជាងការព្យាករណ៍ កាលខែកុម្ភៈកន្លងទៅដែលថា ថៃអាចទទួលបានភ្ញៀវអន្តរជាតិប្រមាណ ៣៥លាននាក់នៅឆ្នាំនេះ។ ក្រឡេកមើលទៅឆ្នាំ២០១៩វិញ ប្រទេសថៃមានភ្ញៀវទេសចរបរទេសសរុបចំនួន ៣៩.៨លាននាក់។

គួរជម្រាបថា បច្ចុប្បន្នជំងឺ COVID-19 កំពុងមានការរីតត្បាតខ្លាំង នៅក្រៅប្រទេសចិនជាពិសេសនៅប្រទេសចំនួន ០៣ គឺកូរ៉េខាងត្បូង អ៉ីតាលី និងអ៉ីរ៉ង់។ រីឯនៅក្នុងប្រទេសថៃ នាពេលនេះចំនួនអ្នកដែលបានឆ្លងជំងឺ COVID-19 គឺកើនដល់ ៤៣ករណីក្រោយ ១ករណីថ្មីទៀតត្រូវបានរកឃើញនៅថ្ងៃចន្ទនេះតែម្តង ហើយក៏មានអ្នកជំងឺម្នាក់បានស្លាប់ផងដែរ កាលពីថ្ងៃអាទិត្យម្សិលមិញ៕