(ហាណូយ)៖ រដ្ឋាភិបាលវៀតណាមនាថ្ងៃចន្ទនេះ បានប្រកាសឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូង Samsung បានចាប់ផ្តើមហើយនូវ​ការ​សាងសង់មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍របស់ខ្លួន ដែលមានតម្លៃ២២០លានដុល្លារ នៅក្នុងទឹកដីប្រទេសវៀតណាម។ នេះបើតាម​ការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០២ ខែមីនា ឆ្នាំ២០២០។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលវៀតណាម ដំណើរការសាងសង់មជ្ឈមណ្ឌលខាងលើ ដែលមានទីតាំងនៅចំកណ្តាល​រដ្ឋធានីហាណូយ​ នឹងសម្រេចជាស្ថាពរនៅចុងឆ្នាំ២០២២ ហើយវានឹងផ្តល់ការងារឲ្យមនុស្សចន្លោះ២,២០០-៣,០០០នាក់ នៅវៀតណាម។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Samsung ក៏បានបណ្តាក់ទុនប្រមាណ៦០០លានដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍មួយ​ទៀតនៅទីក្រុងហូជីមិញផងដែរ។

គួរជម្រាបថា ក្រុមហ៊ុន Samsung ជាវិនិយោគិនបរទេសធំបំផុតនៅក្នុងប្រទេសវៀតណាម ជាមួយទំហំវិនិយោគសរុបជាង១៧ពាន់លាន​ដុល្លារ ដែលត្រូវចំណាយទៅលើរោងចក្រចំនួន០៨កន្លែង និងមជ្ឈមណ្ឌលស្រាវជ្រាវ-អភិវឌ្ឍន៍០២កន្លែង ខណៈការវិនិយោគដ៏ធំសម្បើម​នេះ នឹងបង្កើតឱកាសការងារច្រើនជាង១៦០,០០០កន្លែងសម្រាប់ប្រជាជនវៀតណាម៕