(ប៉េកាំង)៖ ចំនួនអ្នកស្លាប់ជាសកលដោយសារជំងឺឆ្លង COVID-19 បានកើនឡើងជាង ៣,០០០នាក់ហើយ បើគិតត្រឹមថ្ងៃចន្ទនេះ បន្ទាប់ពីមានមនុស្សស្លាប់បន្ថែមទៀតនៅប្រទេសចិន ដែលជាប្រភពនៃជំងឺនេះ។ ជាមួយគ្នានេះ មានប្រទេសជាច្រើននៅទូទាំងពិភពលោក បានរាយការណ៍បន្តបន្ទាប់គ្នាពីការរកឃើញករណីឆ្លងដំបូង ឬករណីឆ្លងថ្មីបន្ថែមទៀត រៀងៗខ្លួន ខណៈមន្ត្រីអាមេរិកកំពុងប្រឈមមុខនឹងការរិះគន់ ពីការខ្វះឆន្ទៈក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺដ៏កាចសាហាវនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នាព្រឹកថ្ងៃចន្ទ ទី ០២ ខែមីនា ឆ្នាំ២០២០។

ជាការកត់សម្គាល់ ជំងឺរលាកសួតប្រភេទថ្មី ឬហៅថា COVID-19 បានចម្លងទៅមនុស្សជាង ៨៨,០០០នាក់ ហើយបានរីករាលដាលដល់ប្រទេសជាង ៦០ ប្រទេសនៅទូទាំងសកលលោក បន្ទាប់ពីជំងឺនេះបានផ្ទុះចេញជាលើកដំបូង នៅប្រទេសចិន កាលពីចុងឆ្នាំ២០១៩។

ប្រទេសកូរ៉េខាងត្បូង គឺជាប្រទេសដែលមានអ្នកឆ្លងជំងឺនេះច្រើនជាងគេបំផុតក្រៅទឹកដីចិន ដោយគ្រាន់តែពេញមួយថ្ងៃចន្ទម្សិលមិញ មានអ្នកឆ្លងថ្មីជិតដល់ ៥០០ករណី ដែលធ្វើឲ្យប្រទេសអាស៊ីបូព៌ាមួយនេះ មានចំនួនអ្នកឆ្លងសរុប បានកើនឡើងដល់ ៤,២១២នាក់។ នៅបន្ទាប់ពីនេះ គឺប្រទេសអ៉ីតាលី និងអ៊ីរ៉ង់ ក៏ជាប្រទេសដែលកំពុងរងការវាយប្រហារយ៉ាងខ្លាំង ពីសំណាក់ជំងឺដ៏សាហាវនេះផងដែរ។

ជាមួយនឹងការកើនឡើង នៃភាពភ័យខ្លាចជាសកលជំវិញការរាតត្បាតនៃមេរោគ COVID-19 នេះ អង្គការសុខភាពពិភពលោក (WHO) បានជំរុញឲ្យប្រទេសទាំងអស់ ត្រូវបង្កើនវិធានការទប់ទល់ជំងឺនេះបន្ថែមទៀត ដោយបានព្រមានថា ប្រទេសដែលគិតថា ជំងឺនេះនឹងមិនឆ្លងចូលប្រទេសខ្លួនទេគឺជា «កំហុសឆ្លងដ៏ធ្ងន់ធ្ងរបំផុត»។

ការរីករាលដាលយ៉ាងឆាប់រហ័ស នៃវីរុសកូរ៉ូណាថ្មីនេះ បានធ្វើឲ្យមានការព្រួយបារម្ភអំពីផលប៉ះពាល់របស់វា ទៅលើសេដ្ឋកិច្ចពិភពលោក ដែលបណ្តាលឲ្យទីផ្សារពិភពលោកប្រកាសពីការខាតបង់ ដ៏អាក្រក់បំផុតចាប់តាំងពីវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨។ ចំណែកឯ សេដ្ឋកិច្ចចិនឯណោះវិញ គឺបានជាប់គាំង និងបានរងផលប៉ះពាល់ខ្លាំងជាងគេពីជំងឺនេះ។

ដោយឡែកសហរដ្ឋអាមេរិក ដែលជាប្រទេសមហាអំណាចទីមួយលើលោក ក៏បាននិងកំពុងរងគ្រោះ ដោយសារជំងឺចម្លែកមួយនេះដែរ ដោយថ្មីៗនេះមានសេចក្តីរាយការណ៍ថា ជំងឺ COVID-19 គឺបានឆ្លងដល់ទីក្រុង NEW YORK ហើយ។ ប្រការនេះបានធ្វើឲ្យក្រុមអ្នករិះគន់ ជាពិសេសអ្នកនយោបាយមកពីបក្សគូប្រជែង បានបើកការវាយប្រហារកាន់តែខ្លាំង លើរដ្ឋបាលលោក ដូណាល់ ត្រាំ ដែលពីដំបូងឡើយបានបង្ហាញភាពព្រងើយកន្តើយ និងខ្វះវិធានការជាក់ស្តែង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។

គួរបញ្ជាក់ថា បច្ចុប្បន្នសហរដ្ឋអាមេរិកមានករណីឆ្លងជំងឺ COVID-19 ជាង ៧០ករណី ដែលភាគច្រើនត្រូវបានរកឃើញនៅក្នុងបណ្តារដ្ឋ ស្ថិតនៅតំបន់ឆ្នេរភាគខាងលិចនៃប្រទេស ខណៈមនុស្ស ០២នាក់បានស្លាប់៕