(តេហេរ៉ង់)៖ ចំនួនមនុស្សស្លាប់ដោយសារតែជំងឺឆ្លង COVID-19 ក្នុងប្រទេសអ៉ីរ៉ង់ នៅពេលនេះបានកើនឡើងដល់ ៣៤នាក់ហើយ ក្នុងចំណោមករណីឆ្លងសរុប ៣៨៨ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។

អាជ្ញាធរសុខាភិបាលអ៉ីរ៉ង់ និងរដ្ឋាភិបាលនៃសាធារណរដ្ឋឥស្លាមមួយនេះទាំងមូល បានប្រកាសនៅថ្ងៃសុក្រនេះថា កិច្ចខិតខំប្រឹងប្រែងសព្វគ្រប់បែបយ៉ាង ត្រូវបានធ្វើឡើងយ៉ាងសស្រាក់សស្រាំបំផុត ដើម្បីដោះស្រាយបញ្ហាគ្រប់បែបយ៉ាង ដែលបង្កឡើងដោយការរីករាលដាលនៃមេរោគ COVID-19។

គួរបញ្ជាក់ថា ស្ថានការណ៍នៅប្រទេសអ៉ីរ៉ង់ គឺធ្ងន់ធ្ងរខ្លាំងជាងគេបំផុត នៅមជ្ឈិបូព៌ា ខណៈប្រទេសក្បែរខាងអ៉ីរ៉ង់ទាំងអស់ បានដាក់ការរឹតត្បឹតលើការធ្វើដំណើររវាងអ៉ីរ៉ង់ ដើម្បីបង្ការការឆ្លងមេរោគ COVID-19 កាន់តែខ្លាំងថែមទៀត៕