(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិនបានបញ្ចេញ របាយការណ៍ប្រចាំរបស់ខ្លួនឲ្យដឹងថា អត្រានៃអ្នកជំងឺដែលបានជាសះស្បើយឡើងវិញពីជំងឺ COVID-19 នៅតែបន្តមានចំនួនច្រើនជាង អត្រានៃអ្នកឆ្លងថ្មីសម្រាប់រយៈពេល ១០ថ្ងៃជាប់ៗគ្នាកន្លងមកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។

បើតាមតួលេខដែលបានបញ្ចេញដោយ គណៈកម្មការសុខាភិបាលចិនបានឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃព្រហស្បតិ៍ម្សិលមិញ មានអ្នកជាសះស្បើយឡើងវីញពីជំងឺ COVID-19 នៅទៅទាំងប្រទេសចិនមានចំនួន ៣,៦២២នាក់ ដែលនេះជាចំនួនមួយខ្ពស់ជាង ១០ដង បើយើងធៀបនឹងចំនួនអ្នកឆ្លងថ្មីៗ សម្រាប់ថ្ងៃដដែលនោះ ដែលមានត្រឹមតែ ៣២៧នាក់ប៉ុណ្ណោះ។

តាមប្រភពដដែលបានឲ្យដឹងទៀតថា តួលេខសរុបនៃអ្នកជំងឺដែលបានជាសះស្បើយឡើងវិញ បានកើនឡើងដល់ ៣៦,១១៧នាក់ហើយនៅទូទាំងប្រទេសចិន ខណៈចំនួនអ្នកឆ្លងសរុបវិញបានងើបឡើងដល់ ៧៨,៨២៤ករណី និងអ្នកជំងឺសរុប ២,៧៨៨នាក់ស្លាប់ នៅក្នុងរបាយការណ៍ថ្មីចេញផ្សាយនៅព្រឹកថ្ងៃសុក្រនេះ៕