(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននាថ្ងៃសុក្រនេះបានរាយការណ៍ឲ្យដឹងថា តួលេខសរុបនៃអ្នកជំងឺដែលបានជាសះស្បើយពី COVID-19 នៅទូទាំងប្រទេសចិន បានកើនឡើងដល់ ៣៦,១១៧នាក់ហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០។

របាយការណ៍ប្រចាំថ្ងៃរបស់ គណៈកម្មការសុខាភិបាលជាតិចិនបានឲ្យដឹងទៀតថា នារយៈពេលពេញមួយថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ មនុស្សចំនួន ៣,៦២២នាក់ទៀត បានចាកចេញពីមន្ទីរពេទ្យ ក្រោយពួកគេបានជាសះស្បើយឡើងវិញ ហើយអ្វីដែលគួរឲ្យកត់សម្គាល់ តួលេខនេះគឺនៅតែបន្តខ្ពស់ជាងតួលេខនៃអ្នកឆ្លងថ្មី ដែលមានចំនួនត្រឹម ៣២៧នាក់ប៉ុណ្ណោះក្នុងថ្ងៃជាមួយគ្នា។

គួរជម្រាបថា បើតាមរបាយការណ៍ថ្មីនៅព្រឹកថ្ងៃសុក្រនេះ ចំនួនសរុប នៃអ្នកឆ្លងជំងឺ COVID-19 នៅតាមបណ្តាខេត្តនិងតំបន់ចំនួន ៣១ នៃប្រទេសចិនបានកើនដល់ ៧៨,៨២៤ករណី ដោយក្នុងនោះចំនួនអ្នកស្លាប់បានកើនដល់ ២,៧៨៨នាក់ ប៉ុន្តែខេត្តហ៊ូប៉ី (Hubei) រ៉ាប់រងសឹងតែទាំងអស់នៃករណីទាំងនេះ៕