(រីយ៉ាត)៖ អាជ្ញាធរអារ៉ាប៊ីសាអ៊ូឌីតបានប្រកាសផ្អាក ការផ្តល់ជូនទិដ្ឋាការពិសេស អឺមរ៉ាហ៍ (Umrah) ជាបណ្តោះអាសន្នទៅដល់ជនបរទេសនានា (សាសនិកឥស្លាម) ចូលមកធ្វើបុណ្យនៅឯទីក្រុងមឹកកៈ (Mecca) និងមាឌីណៈ (Madina) ដែលជាទីសក្ការៈធំបំផុតទាំងពីររបស់សាសនិកឥស្លាម ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Franch24 នាយប់ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។

ក្រសួងការបរទេសអារ៉ាប៊ីសាអ៊ូឌីតបានគូសបញ្ជាក់ថា ក្រសួងកំពុងរៀបចំផ្អាកទិដ្ឋការសម្រាប់ភ្ញៀវទេសចរទាំងអស់ ដែលមកពីបណ្តាប្រទេសនានាដែលកំពុងតែរងនូវការវាយប្រហារ ដោយវីរុសដ៏កាចសាហាវ COVID-19។ ជាការកត់សម្គាល' សេចក្តីប្រកាសខាងលើ គឺធ្វើឡើងស្របពេលដែលបណ្តាប្រទេសជិតខាងរបស់ខ្លួននៅមជ្ឈិមបូព៌ា កំពុងតែញាំញីដោយវីរុស COVID-19 ជាពិសេសគឺប្រទេសអ៊ីរ៉ង់ ដែលជាចំណុចក្តៅបំផុត នៃការរាតត្បាតជំងឺនេះនៅឯមជ្ឈិមបូព៌ា។

គួរបញ្ជាក់ថា ទិដ្ឋាការ Umrah គឺជាទិដ្ឋាការពិសេសម្យ៉ាង ដែលអារ៉ាប៊ីសាអ៊ូឌីតជាម្ចាស់ទឹកម្ចាស់ដី នៃទីក្រុងដ៏ពិសិដ្ឋបំផុតទាំងពីររបស់បណ្តាអ្នកកាន់សាសនាឥស្លាម នៅទូទាំងសកលលោក ផ្តល់ជូនសាសនិកឥស្លាម ដើម្បីចូលមកទស្សនាទីក្រុងទាំងពីរខាងលើ ក្នុងន័យគោរពទីសក្ការៈតាមបែបសាសនាឥស្លាម។ ការធ្វើបុណ្យបែបសាសនាឥស្លាមខាងលើនេះ បានទាក់ទាញមនុស្សរាប់លាននាក់មកពីទូទាំងពិភពលោក ចូលមកទស្សនាប្រទេសអារ៉ាបីសាអូឌីតជារៀងរាល់ឆ្នាំ៕