(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុនលោក អាបេ ស៊ីនហ្សូ (Shinzo Abe) បានថ្លែងឲ្យដឹងនាថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលរបស់លោកនឹងស្នើសុំ សាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ឲ្យបិទទ្វាជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី០២ ខែមីនាខាងមុខ ដើម្បីធានាសុវត្ថិភាពជូនសិស្សានុសិស្ស កុំឲ្យមានករណីឆ្លងជំងឺ COVID-19។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័តមានចិនស៊ីនហួរ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។

លោក អាបេ បានថ្លែងប្រាប់អង្គប្រជុំគណៈរដ្ឋមន្ត្រីស្តីពីវិបត្តិវីរុស COVID-19 យ៉ាងដូច្នេះថា «ការខិតខំប្រឹងប្រែងត្រូវបានធ្វើឡើង ដើម្បីបង្ការកុំឲ្យរីករាលដាលជំងឺឆ្លងនេះ ក្នុងចំណោមកុមារនៅក្នុងតំបន់នីមួយៗ ហើយរយៈពេលមួយ ឬពីរសប្តាហ៍នេះគឺជារយៈពេលដ៏សំខាន់បំផុត»។ លោក អាបេ បានបន្ថែមទៀតថា «រដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខភាព និងសុវត្ថិភាពរបស់កុមារ»។

គួរបញ្ជាក់ថា ការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន គឺបានកើតឡើងស្របពេលដែល ចំនួនអ្នកឆ្លងជំងឺ COVID-19 បានកើនឡើងរហូតដល់ ២០០នាក់ នៅទូទាំងប្រទេសជប៉ុន បើគិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍នេះ ដោយមិនរាប់បញ្ចូលអ្នកជំងឺជាង ៧០០នាក់ ដែលត្រូវបានរកឃើញលើនាវាទេសចរណ៍ Diamond Princess នោះឡើយ៕