(ញូដេលី)៖ មនុស្សយ៉ាងតិច១៩នាក់បានបាត់បង់ជីវិត នៅរដ្ឋធានីញូដេលីនៃប្រទេសឥណ្ឌា ដោយសារតែការប៉ះទង្គិចគ្នារវាងក្រុមអ្នកកាន់ ហិណ្ឌូនិងក្រុមអ្នកកាន់មូស្លីម ជុំវិញច្បាប់ផ្តល់សញ្ជាតិថ្មីដ៏ចម្រូងចម្រាស់ ប៉ុន្តែនៅថ្ងៃពុធនេះស្ថានការណ៍ ហាក់មានសភាស្ងប់ស្ងាត់បន្តិច។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។

ប្រភពពីមន្ទីរពេទ្យ Guru Teg Bahadur នៅក្នុងទីក្រុងញូដេលី មនុស្សសរុបចំនួន១៩នាក់ហើយបានស្លាប់ ខណៈ១៥នាក់ទៀតកំពុងតែស្ថិត ក្នុងស្ថានភាពធ្ងន់ធ្ងរ។ អំពើហិង្សាខាងលើបានកើតឡើង ចំពេលដំណើរបំពេញទស្សនកិច្ចជាលើកដំបូងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅប្រទេសឥណ្ឌា។ វាបានផ្ទុះឡើងរវាងក្រុមអ្នកដែលគាំទ្រ និងក្រុមអ្នកដែលប្រឆាំងច្បាប់ផ្តល់សញ្ជាតិថ្មីរបស់រដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តីឥណ្ឌា ណារិនដ្រា ម៉ូឌី។ នាពេលកន្លងមក ក៏មានការធ្វើបាតុកម្មយ៉ាងកក្រើកផងដែរ ជាពិសេសនៅរដ្ឋធានីញូដេលី តែម្តង។ សម្រាប់ស្ថានការណ៍នៅថ្ងៃពុធនេះ អាជ្ញាធរទីក្រុងញូដេលីបានឲ្យដឹងថា អ្វីៗហាក់ស្ងប់ស្ងាត់ជាងម្សិលមិញ។

គួរជម្រាបថា បើតាមការយល់ឃើញរបស់ក្រុមអ្នករិះគន់ ច្បាប់ថ្មីនេះមានភាពលម្អៀងប្រឆាំងនឹងក្រុមម៉ូស្លីមនៅក្នុងប្រទេសឥណ្ឌា ក៏ប៉ុន្តែ គណបក្សកាន់អំណាចរបស់ឥណ្ឌា Bharatiya Janata បានប្រកែកថា វាមិនមានភាពលម្អៀងអ្វីឡើយ ប្រឆាំងនឹងជនមូស្លីមជាង១៨០លាន នាក់នៅប្រទេសឥណ្ឌា៕