(អាមេរិក)៖ ក្រុមហ៊ុនអាមេរិក ម៉ូឌែណា (Moderna) បានបញ្ជូនវ៉ាក់សាំងសាកល្បងរបស់ខ្លួន សម្រាប់ប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណាថ្មី (COVID-19) ទៅក្រុមអ្នកស្រាវជ្រាវរបស់រដ្ឋាភិបាលអាមេរិកហើយ ដើម្បីឈានទៅរកការធ្វើតេស្តជាលើកដំបូង។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNN នៅរសៀលថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Moderna (MRNA) កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ វ៉ាក់សាំងមួយឈុតដំបូងដែលមានតួនាទីប្រឆាំងវីរុស កូរ៉ូណាថ្មី ត្រូវបានបញ្ជូនទៅកាន់ទីភ្នាក់ងារផ្នែកស្រាវជ្រាវជំងឺ របស់រដ្ឋាភិបាលអាមេរិក National Institute of Allergy and Infectious Diseases (NIAID) រួចរាល់ហើយ ដោយវ៉ាក់សាំងនោះមានឈ្មោះសម្គាល់ហៅថា mRNA-1273។

នាយកទីភ្នាក់ងារ NIAID បាននិយាយថា វ៉ាក់សាំង mRNA-1273 អាចនឹងត្រូវចាប់ផ្តើមប្រើប្រាស់សាកល្បងទៅក្នុងខែមេសា ឆ្នាំ២០២០ ហើយទោះជាបែបនេះក្តី ដំណើរការធ្វើតេស្ត និងការអនុញ្ញាត អាចត្រូវចំណាយពេលយ៉ាងហោចក៏មួយឆ្នាំដែរ មុនពេលវាអាចយកទៅប្រើប្រាស់ ឲ្យបានទូលំទូលាយតែម្តង។

គួរជម្រាបថា ខណៈការរីករាលនៃជំងឺឆ្លង COVID-19 នៅតែបន្ត ជាពិសេសស្របពេលករណីនៅក្រៅប្រទេសចិន កាន់តែមានការកើនឡើង ខ្ពស់គួរឲ្យព្រួយបារម្ភ ក្រុមមន្រ្តីសុខាភិបាល និងក្រុមហ៊ុនផលិតឱសថនៅជុំវិញពិភពលោក កំពុងតែខិតខំប្រឹងប្រែងស្វែងរកវិធីសាស្រ្តព្យាបាល ថ្នាំ និងវ៉ាក់សាំង ដើម្បីជួយក្នុងទប់ទល់ការវាយប្រហារនៃជំងឺដ៏កាចសាហាវនេះ ដែលបានឆ្លងដល់មនុស្សជាង ៨០,០០០នាក់ និងផ្តាច់ជីវិតជិត ២,៨០០នាក់ នៅទូទាំងពិភពលោក ជាពិសេសប្រទេសចិន៕