(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិន បានបញ្ចេញរបាយការណ៍ប្រចាំរបស់ខ្លួនឲ្យដឹងថា អត្រានៃអ្នកជំងឺដែលបានជាសះស្បើយឡើងវិញពីជំងឺ COVID-19 នៅតែបន្តមានចំនួនច្រើនជាង អត្រានៃអ្នកឆ្លងថ្មីសម្រាប់រយៈពេល ៨ថ្ងៃជាប់ៗគ្នាកន្លងមកនេះ ហើយកាលពីថ្ងៃអង្គារម្សិលមិញនេះ អ្នកឆ្លងមេរោគ COVID-19 ថ្មីៗក្រៅពីខេត្តហ៊ូប៉ី (Hubei) មានចំនួនតែ ០៥នាក់ប៉ុណ្ណោះ និងពុំមានអ្នកស្លាប់នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។

បើតាមតួលេខដែលបានបញ្ចេញដោយ គណៈកម្មការសុខាភិបាលចិនបានឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃអង្គារម្សិលមិញ មានអ្នកជាសះស្បើយឡើងវីញពីជំងឺ COVID-19 នៅទៅទាំងប្រទេសចិនមានចំនួន ២,៤២២នាក់ ដែលនេះជាចំនួនមួយខ្ពស់ឆ្ងាយ បើយើងធៀបនឹងចំនួនអ្នកឆ្លងថ្មីៗសម្រាប់ថ្ងៃដដែលនោះ ដែលមានត្រឹមតែ ៤០៦នាក់ប៉ុណ្ណោះ។

តាមប្រភពដដែលបានឲ្យដឹងទៀតថា បើគិតត្រឹមថ្ងៃអង្គារម្សិលមិញ ចំនួនសរុប នៃអ្នកជំងឺដែលត្រូវបានគេអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីពួកគេបានជាសះស្បើយឡើងវិញពីជំងឺ COVID-19 នោះបានកើនឡើងដល់ ២៩,៧៤៥នាក់ហើយ ខណៈអ្នកឆ្លងសរុបនៅទូទាំងប្រទេសចិនមានចំនួន ៧៨,០៦៤ករណី៕