(នីហ្សេរីយ៉ា)៖ ចំនួនអ្នកស្លាប់ដោយសារការរីករាលដាលនៃជំងឺគ្រុនក្ដៅ ឡាស្សា (Lassa) នៅក្នុងប្រទេសនីហ្សេរីយ៉ាបានកើនដល់ ១០៣នាក់ហើយ ខណៈអ្នកឆ្លងជំងឺមួយនេះប្រឈមមុខនឹងអត្រាមរណៈ ១៧.៦ភាគរយ។ នេះបើតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងនេហ្សេរីយ៉ា (NCDC) ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់មជ្ឈមណ្ឌល NCDC បានបញ្ជាក់ថា អត្រាមរណៈ ១៧.៦ភាគរយ សម្រាប់អ្នកដែលបានកើតជំងឺគ្រុនក្ដៅ Lassa គឺមានកម្រិតតិចតួច បើធៀបទៅនឹងឆ្នាំ២០១៩ ជាពេលដែលអ្នកជំងឺនេះត្រូវបានគេរាយការណ៍ថា ប្រឈមមុខនឹងអត្រាស្លាប់ ២១.១ភាគរយ។

Lassa គឺជាជំងឺគ្រុនក្ដៅម្យ៉ាង មានរោគសញ្ញាស្រដៀងគ្នាទៅនឹងជំងឺគ្រុនចាញ់ ហើយវាអាចឆ្លងពីមនុស្សទៅមនុស្ស តាមរយៈការបរិភោគអាហារ ឬប៉ះពាល់ដោយផ្ទាល់សម្ភារៈប្រើប្រាស់ដែលប្រឡាក់ទឹកមាត់ ទឹកនោម និងលាមករបស់សត្វកណ្ដុរ ជាពិសេសគឺកណ្ដុរអម្បូរម៉ាសតូមីស (Mastomys) តែម្ដង។ បន្ថែមពីលើនេះ បើមានការធ្វេសប្រហែស ឬខ្វះអនាម័យ Lassa ក៏អាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ផងដែរ។

ចាប់តាំងពីការផ្ទុះឡើងនៃជំងឺ Lassa កាលពីខែមករាកន្លងទៅ រដ្ឋចំនួន ២៦ នៅក្នុងប្រទេសនីហ្សេរីយ៉ា បានរងផលប៉ះពាល់ដោយជំងឺមួយនេះ ដែលវាឧស្សាហ៍ផ្ទុះឡើង នៅតាមបណ្ដាលប្រទេសក្នុងទ្វីបអាហ្វ្រិក រួមទាំងប្រទេសនីហ្សេរីយ៉ា កំឡុងរដូវក្ដៅ និងរាំងស្ងួតចន្លោះពីខែមករា ដល់ខែមេសា៕