(សេអ៊ូល)៖ ទីបញ្ជាការយោធាអាមេរិក ឈរជើងនៅក្នុងប្រទេសកូរ៉េខាងត្បូង (USFK) បានឱ្យដឹងថា ទាហានអាមេរិកម្នាក់បានឆ្លងមេរោគ COVID-19 ធ្វើឱ្យរូបគេក្លាយជា ទាហានអាមេរិកដំបូងគេបំផុតដែលបានឆ្លងជំងឺនេះ។ នេះបើតាមការដកស្រង់ចេញផ្សាយ ដោយសារព័ត៌មាន CNBC នៅព្រឹកថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។

បើតាម USFK ទាហានអាមេរិកម្នាក់ខាងលើ គឺមកពីបន្ទាយទ័ព ខេមខារ៉ូល (Camp Carroll) ស្ថិតនៅចំងាយប្រហែល ២២គីឡួម៉ែត្រពីទីក្រុង ដេគូ (Daegu) ភាគអាគ្នេយ៍ប្រទេស កូរ៉េខាងត្បូងជាទីដែលជំងឺ COVID-19 កំពុងរីករាលដាលយ៉ាងគំហុក។ ទាហានរូបនេះត្រូវបានធ្វើតេស្ដរកឃើញថា មានផ្ទុកមេរោគ COVID-19 ក្រោយរូបគេបាន ធ្វើទៅបន្ទាយទ័ព ខេមវ៉កខឺ (Camp Walker) ដែលស្ថិតនៅចំងាយ ៤គីឡូម៉ែត្រតែប៉ុណ្ណោះពីទីក្រុង Daegu។

USFK បន្ថែមទៀតថា បច្ចុប្បន្នទាហានអាយុ ២៣ឆ្នាំម្នាក់ខាងលើ កំពុងស្ថិតនៅក្រោមការព្យាបាល និងត្រូវបានដាក់ឱ្យនៅឆ្ងាយពីគេឯង ខណៈក្រុមជំនាញកំពុងស៊ើបអង្កេតថា តើទាហានរូបនេះធ្លាប់បានប៉ះពាល់ដោយផ្ទាល់ ជាមួយទាហានដទៃណាខ្លះ។

គួរជម្រាបថា ប្រទេសកូរ៉េខាងត្បូងបានបញ្ចេញរបាយការណ៍ថ្មី នៅព្រឹកថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ នេះឲ្យដឹងថា ចំនួនអ្នកឆ្លងមេរោគ COVID-19 នៅទូទាំងប្រទេស បានកើនឡើងដល់ ១,១៤៦ករណីហើយ ដោយក្នុងនោះអ្នកជំងឺ ១២នាក់បានបាត់បង់ជីវិត។ បច្ចុប្បន្នទីតាំងដែលរដ្ឋាភិបាលកូរ៉េខាងត្បូង កំពុងតែផ្តោតការយកចិត្តទុកខ្លាំងបំផុតនោះ គឺទីក្រុងដេគូ (Daegu) និងស្រុកឆុងទូ (Cheongdu) ដែលនៅស្ថិតនៅជាប់គ្នា និងជាកន្លែងរ៉ាប់រងចំនួនអ្នកឆ្លង COVID-19 ទូទាំងប្រទេសរហូតដល់ទៅជាង ៨០%ឯណោះ៕