(គូឡាឡាំពួ)៖ នៅទីបំផុតព្រះមហាក្សម៉ាឡេស៊ីព្រះចៅ អាប់ឌុលឡាហ៍ ប៊ីលឡាហ៍ ហ្សាហ៍ (Abdullah Ri’ayatuddin Al-Mustafa Billah Shah) បានសម្រេចព្រះទ័យយល់ព្រមឲ្យលោក មហាធៀ មហាម៉ាត់ (Mahathir Mohamad) លាលែងចេញពីតំណែងហើយ ប៉ុន្តែទ្រង់ក៏បានសម្រេចឲ្យលោក ស្ថិតនៅជានាយករដ្ឋមន្ត្រីបណ្តោះអាសន្នសិន រហូតដល់គណៈរដ្ឋមន្ត្រីថ្មីត្រូវបង្កើតឡើង។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិចដោយសារព័ត៌មាន CNA នាយប់ថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។

ការសម្រេចព្រះទ័យរបស់ព្រះមហាក្សត្រម៉ាឡេស៊ីខាងលើនេះ ត្រូវបានធ្វើឡើង ស្របទៅនឹងរដ្ឋធម្មនុញ្ញមាត្រា ៤៣ ដោយក្នុងនោះបានបញ្ជាក់ផងដែរថា នាយករដ្ឋមន្ត្រីស្តីទី ឬបណ្តោះអាសន្ននឹងត្រូវកាន់ការយ៉ាងយូរបំផុតរយៈពេល ១០ថ្ងៃ រហូតដល់គណៈរដ្ឋមន្ត្រី ព្រមទាំងនាយករដ្ឋមន្ត្រីថ្មីត្រូវជ្រើសតាំង។ បន្ថែមពីនេះ ព្រះមហាក្សត្រក៏បានត្រាស់បង្គាប់ឲ្យកងកម្លាំងប៉ូលិស ថែរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខនៅក្នុងប្រទេសទាំងមូលផងដែរ។

ជុំវិញបញ្ហាខាងលើនេះអគ្គស្នងការប៉ូលិសជាតិម៉ាឡេស៊ីលោក អាប់ឌុល ហាមីដ បាដ័រ (Abdul Hamid Bador) បានលើកឡើងថា «ខ្ញុំអំពាវនាវឲ្យប្រជាជនទាំងអស់ កុំមានការវិភាគអ្វីទាំងអស់។ ដំណើរការនៃលទ្ធិប្រជាធិបតេយ្យ កំពុងតែធ្វើដំណើរទៅមុខយ៉ាងរលូន។ ខ្ញុំក៏សូមអំពាវនាវឲ្យបណ្តាអ្នកនយោបាយ និងប្រជាជនទាំងអស់រក្សាការអត់ធ្មត់ផងដែរ»

គួរបញ្ជាក់ថា លិខិតលាលែងចេញពីតំណែងរបស់លោក មហាធៀ ត្រូវបានថ្វាយជូនព្រះមហាក្សត្រម៉ាឡេស៊ី នៅម៉ោង ១៖០០នាទីរសៀល នៅថ្ងៃចន្ទនេះ (ម៉ោងនៅគូឡាឡាំពួ)។ ការសម្រេចចិត្តបែបនេះ គឺបានកើតឡើងក្រោយការលេចលឺដំណឹងថា លោក មហាធៀ នឹងបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយ ដោយមិនមានលោក Anwar Ibrahim៕