(តេអេរ៉ង់)៖ អាជ្ញាធរសុខាភិបាលអ៊ីរ៉ង់បានរាយការណ៍ឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារ COVID-19 ក្នុងប្រទេសរបស់ខ្លួនបានកើនដល់ ១២នាក់ហើយ ខណៈអ្នកឆ្លងសរុបវិញបានកើនឡើងដល់ ៦១ករណីផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព៍ត៌មាន Reuters នាល្ងាចថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ ២០២០។

ករណីភាគច្រើននៃការឆ្លងមេរោគ COVID-19 នៅប្រទេសអ៊ីរ៉ង់ គឺស្ថិតនៅក្នុងក្រុងកុម (Qom) ដែលជាទីក្រុងដ៏ពិសិដ្ឋរបស់អ្នកកាន់សាសនាឥស្លាមនិកាយស៊ីអ៉ីត ដែលមានចម្ងាយតែ ១២០គីឡូម៉ែតប៉ុណ្ណោះពីរដ្ឋធានីតេហេរ៉ង់។

គួរបញ្ជាក់ថា នៅថ្ងៃចន្ទនេះដែរប្រទេសគូវ៉ែត និងបារ៉ែនដែលជាប្រទេសជិតខាងរបស់អ៊ីរ៉ង់ ក៏ មានសេចក្តីរាយការណ៍អំពីករណីឆ្លង COVID-19 ដំបូងរបស់ពួកគេផងដែរ។ ហើយអ្នកដែលបានឆ្លងជំងឺទាំងនោះទៀតសោត សុទ្ធតែមានប្រវត្តិធ្លាប់បានចេញ-ចូលប្រទេសអ៊ីរ៉ង់ទៀតផង។

គួរជម្រាបផងដែរ មេរោគឆ្លង COVID-19 បានផ្ទុះឡើងជាលើកដំបូងនៅអ៉ីរ៉ង់ កាលពីថ្ងៃពុធសប្តាហ៍មុន ដែលជាពេលអាជ្ញាធរអ៉ីរ៉ង់បានប្រកាសថា មនុស្ស ០២នាក់បានស្លាប់ដោយសារ COVID-19 នៅក្នុងទីក្រុងកូម (Qom)។ បច្ចុប្បន្ន អាជ្ញាធរអ៉ីរ៉ង់កំពុងតែស្វិតស្វាញយ៉ាងខ្លាំង ក្នុងការចាត់វិធានការណែនាំពលរដ្ឋឲ្យមកពិនិត្យសុខភាព៕