(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានបញ្ជាក់ពីការរកឃើញករណីឆ្លង COVID-19 ចំនួន ៧០ករណីបន្ថែមទៀតនាល្ងាចថ្ងៃចន្ទ ទី២៤ កុម្ភៈនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបក្នុងប្រទេសមួយនេះ បានកើនឡើងដល់ ៨៣៣ករណី ក្នុងនោះ ០៧នាក់បានបាត់បង់ជីវិត។ ប្រការបានធ្វើឲ្យប្រទេសកូរ៉េខាងត្បូង ជាប្រទេសដែលមានអ្នកកើតជំងឺ COVID-19 ច្រើនជាងគេនៅក្រៅពីទឹកដីចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។

នៅក្នុងថ្ងៃចន្ទនេះប៉ុណ្ណោះ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានរាយការណ៍អំពីករណីឆ្លងថ្មីនៃមេរោគ COVID-19 ដល់ទៅពីរលើក។ លើកទីមួយគេបានរាយកាណ៍ថា មានករណីឆ្លងថ្មីៗរហូតដល់ ១៦១ករណី ហើយនៅល្ងាចថ្ងៃចន្ទនេះ សេចក្តីរាយការណ៍បន្ថែមបានឲ្យដឹងទៀតថា មានការឆ្លង COVID-19 ត្រូវបានរកឃើញសុរប ៧០ករណីថ្មីបន្ថែមទៀត។ ប្រការនេះបានធ្វើឲ្យតួលេខអ្នកឆ្លងសរុបសម្រាប់ថ្ងៃចន្ទនេះ មានរហូតដល់ ២៣១ករណីដែលជាអត្រាឆ្លងខ្ពស់ជាងគេបំផុត បើគិតក្នុងពេលបច្ចុប្បន្ន។

គួរជម្រាបថា នៅក្នុងចំណោមករណីឆ្លង COVID-19 ថ្មីៗ ១៦១ករណីដែលត្រូវបានប្រកាសលើកទី ១ មាន ១១៥ករណីជាមនុស្សដែលធ្លាប់មានទំនាក់ទំនង ទៅនឹងព្រះវិហារគ្រិស្តសាសនាមួយកន្លែង នៅទីក្រុងដេគូ (Daegu) ដែលស្ថិតនៅចំងាយ ៣០០គីឡូម៉ែត្រពីរដ្ឋធានីសេអ៊ូល បន្ទាប់ពីមានស្ត្រីវ័យ ៦១ឆ្នាំ ដែលត្រូវបានគេស្គាល់ថា «អ្នកជំងឺ COVID-19 ទី ៣១ របស់កូរ៉េខាងត្បូង» បានចូលរួមពិធីបុណ្យនៅវិហារនោះ។

ទោះបីជាយ៉ាងណា អាជ្ញាធរកូរ៉េខាងត្បូងកំពុងស៊ើបសង្កេតរកមូលហេតុពិតប្រាកដ នៃការឆ្លងរាលដាលមេរោគ COVID-19 តាមរយៈអ្នកជំងឺទី ៣១ ខាងលើនៅឡើយ ហើយអ្វីដែលគេបានដឹងរួចមកហើយនោះ ស្ត្រីរូបនោះពុំធ្លាប់មានប្រវត្តិធ្វើដំណើរទៅបរទេស ឬមានទំនាក់ទំនងនឹងអ្នកជំងឺ COVID-19 ពីមុនមកនោះឡើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៉ីន បានប្រកាសដំឡើងកម្រិតអាសន្នទៅ «ពណ៌ក្រហម» ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលយ៉ាងឆាប់រហ័ស នៃមេរោគ COVID-19។ ជាមួយគ្នានេះ លោកក៏បានទទូចដល់មន្រ្តីរបស់លោក កុំមានការស្ទាក់ស្ទើរក្នុងការចាត់វិធានការដ៏មានឥទ្ធិពល ដែលពុំធ្លាប់មានពីមុនមក ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺនេះ។ នៅថ្ងៃចន្ទនេះលោក មូន ចេអ៉ីន ក៏កំពុងពិចារណាបង្កើនថវិកាជាតិបន្ថែម ដើម្បីទប់ទល់នឹងមេរោគ COVID-19 ផងដែរ៕