(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននាថ្ងៃចន្ទនេះ ទើបតែបានបញ្ជាក់ឲ្យដឹងថា ក្រុមអ្នកជំនាញរបស់អង្គការសុខភាពពិភពលោក (WHO) និងចិនបានរួមគ្នាចុះទៅខេត្ត ហ៊ូប៉ី (Hubei) ដែលចំណុចកណ្តាលការផ្ទុះ និងរីករាលដាលជំងឺឆ្លង COVID-19 កាលពីចុងសប្តាហ៍កន្លងទៅនេះ ដើម្បីធ្វើការស៊ើបអង្កេតដោយផ្ទាល់។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។

ក្រុមអ្នកជំនាញខាងលើបានចុះទៅដល់មន្ទីរពេទ្យ តុងជី (Tongji) ដែលពីមុនមកជាមជ្ឈមណ្ឌលកីឡាក្នុងទីក្រុងវូហាន (Wuhan) ប៉ុន្តែត្រូវបានកែប្រែឲ្យក្លាយ ទៅជាមន្ទីរពេទ្យបណ្តោះអាសន្ន ព្រមទាំងទៅដល់ មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់ខេត្ត Hubei ដើម្បីពិនិត្យមើលអំពីការសិក្សាការងារគ្រប់គ្រង និងទប់ស្កាត់ COVID-19 ក៏ដូចជាការព្យាបាលជំងឺ។ ពួកគេបានពិភាក្សាជាមួយក្រុមមន្រ្តី និងអ្នកជំនាញរបស់ខេត្ត Hubei ហើយបានរាយការណ៍ពីលទ្ធផល និងផ្តល់ជាអនុសាសន៍ ដល់នាយកគណៈកម្មការសុខាភិបាលជាតិចិន លោក ម៉ា ហ្សាវវៃ (Ma Xiaowei)។

លោក Ma បានអះអាងឡើងវិញ អំវិធានការដ៏រឹងមាំរបស់ចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង COVID-19 គឺមិនត្រឹមការពារសុខភាពប្រជាជនចិនផ្ទាល់ប៉ុណ្ណោះទេ តែក៏បានចូលរួមចំណែកដល់ការការពារសុខភាពដល់មនុស្សទាំងអស់ នៅជុំវិញពិភពលោកទាំងមូលផងដែរ ហើយលោកបានសង្កត់ធ្ងន់ថា ចិនមានការជឿជាក់ និងការតាំងចិត្តខ្ពស់ថា នឹងអាចជម្នះវិបត្តិនៃជំងឺឆ្លងដ៏ធំនេះបាន។

ជាចុងក្រោយ លោក Ma Xiaowei បានអរគុណចំពោះក្រុមអ្នកជំនាញរបស់អង្គការ WHO ដែលបានធ្វើដំណើរមកកាន់ប្រទេសចិន នៅក្នុងដំណាក់កាលដ៏សំខាន់ នៃកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំង COVID-19 និងសម្រាប់ការផ្តល់ជាមតិយោបល់ ដ៏មានតម្លៃរបស់អ្នកជំនាញ WHO ទាំងអស់ផងដែរ៕