(អូតាវ៉ា)៖ អាកាសចរណ៍កាណាដា (Air Canada) បានប្រកាសឲ្យដឹងថា អ្នកដំណើរម្នាក់នៅលើជើងហោះហើរពីទីក្រុងម៉ុងត្រេអាល់ (Montreal) ទៅកាន់ទីក្រុងវែនខូវើ (Vancouver) កាលពីថ្ងៃទី១៤ ខែកុម្ភៈនោះ ទីបំផុតត្រូវបានក្រុមជំនាញវេជ្ជសាស្ត្រ ធ្វើតេស្តរកឃើញមេរោគ COVID-19 ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។

អ្នកនាំពាក្យរបស់ Air Canada បានរាយការណ៍ប្រាប់អាជ្ញាធរកាណាដាយ៉ាងដូច្នេះថា «អាកាសចរណ៍ Air Canada កំពុងធ្វើការងារជាមួយអាជ្ញាធរសុខាភិបាលកាណាដា និងបានចាត់វិធានការគ្រប់យ៉ាងទៅតាមសេចក្តីណែនាំ»។ ជុំវិញបញ្ហានេះ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺប្រចាំខេត្ត ប្រ៊ីធីសខូឡុំប៊ី (British Columbia Center for Disease Control) កំពុងតែព្យាយាមទាក់ទងទៅកាន់អ្នកដំណើរផ្សេងៗទៀត ដែលធ្លាប់រួមដំណើរកាលពីថ្ងៃទី១៤ ខែកុម្ភៈ លើជើងហោះហើរជាមួយអ្នកដំណើរមានផ្ទុក COVID-19 ដែលទើបត្រូវបានរកឃើញខាងលើ ដើម្បីឲ្យពួកគេមកពិនិត្យសុខភាពជាបន្ទាន់។

គួរបញ្ជាក់ថា ខេត្ត British Columbia ស្ថិតនៅភាគនិរតីប្រទេសកាណាដា ដែលពេលនេះបានរកឃើញអ្នកឆ្លងជំងឺ COVID-19 សរុប ០៦ករណីហើយ៕