(សេអ៊ូល)៖ ទាហានកូរ៉េខាងត្បូងសរុបចំនួន ១១នាក់ ត្រូវបានក្រុមជំនាញវេជ្ជសាស្ត្រ រកឃើញមានផ្ទុកមេរោគ COVID-19 នៅព្រឹកថ្ងៃចន្ទនេះតែម្តង ខណៈនាយទាហានដែលកំពុងទទួលការត្រួតពិនិត្យសុខភាព បានកើនឡើងដល់ ៧,៧០០នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន យ៉ុនហាប់ ដកស្រង់ពីក្រសួងការពារជាតិកូរ៉េខាងត្បូង នាព្រឹកថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។

ក្រសួងការពារជាតិបានឲ្យដឹងថា ការរកឃើញករណីឆ្លងមេរោគ COVID-19 ខាងលើនេះ គឺកើតមាននៅក្នុងមូលដ្ឋានកងទ័ពជើងគោក ជើងទឹក និងជើងអាកាស ដោយក្នុងនោះ កងទ័ពជើងគោកមានរហូតដល់ ០៨ករណីគិតត្រឹមម៉ោង ៨៖០០នាទីព្រឹកថ្ងៃចន្ទនេះ (ម៉ោងនៅទីក្រុងសេអ៊ូល)។

មេបញ្ជាការ និងមន្ត្រីជំនាញវេជ្ជសាស្ត្រកូរ៉េខាងត្បូង បានណែនាំឲ្យនាយទាហានទាំងអស់ ដែលមានប្រវត្តិធ្លាប់ទាក់ទង ឬជួបស្និទ្ធស្នាលជាមួយអ្នកនៅព្រះវិហារគ្រិស្ត ក្នុងទីក្រុងដេគូ (Daegu) និងអ្នកដែលបានឆ្លងមេរោគ COVID-19 រួចទៅហើយនៅទីក្រុង ឆឹងទូ (Cheongdo) ត្រូវទៅទទួលការពិនិត្យសុខភាពជាបន្ទាន់។ ពេលនេះនាយទាហានសរុប ៧,៧០០នាក់ហើយកំពុងតែទទួលការពិនិត្យរក COVID-19 នៅមូលដ្ឋានទ័ពនានា៕