(តូក្យូ)៖ រដ្ឋមន្ត្រីសុខាភិបាលជប៉ុន លោក Katsunobu Kato បានបង្ហាញការសោកស្ដាយ និងចេញមុខសូមទោសជាសាធារណៈ បន្ទាប់ពីស្ត្រីមា្នក់ដែលត្រូវបានអនុញ្ញាតឱ្យចុះពី លើកប៉ាល់ដឹកអ្នកដំណើរ Diamond Princess ត្រូវបានគេពិនិត្យរកឃើញថាបានឆ្លងជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២០។

ស្ត្រីម្នាក់មានអាយុ៦០ឆ្នាំ បានចុះពីលើកប៉ាល់ Diamond Princess ក្នុងទីក្រុង Yokohama កាលពីថ្ងៃពុធកន្លងទៅ ពោលគឺ ២សប្ដាហ៍ ក្រោយត្រូវបានគេដាក់ឱ្យនៅ ដាច់ដោយឡែកពីគេឯង នៅលើកប៉ាល់មួយនេះ។ ប៉ុន្តែ ចុះពីលើកប៉ាល់មិនបានប៉ុន្មានថ្ងៃផង ស្ត្រីរូបនេះស្រាប់តែត្រូវគេធ្វើតេស្ដជាថ្មី នៅក្នុងខេត្ត Tochigi ស្ថិតនៅភាគខាងជើងទីក្រុងតូក្យូ រកឃើញថាបានឆ្លង COVID-19 ទៅវិញ ដោយធ្វើឱ្យរដ្ឋាភិបាលជប៉ុន កំពុងប្រឈមមុខនឹងសំនួរជាច្រើនថាតើបានធ្វើការងារគ្រប់គ្រាន់ហើយ មែនទេ ក្នុងការទប់ស្កាត់ជំងឺមួយនេះ ខណៈទីក្រុងតូក្យូ ត្រូវត្រៀមខ្លួនធ្វើជាម្ចាស់កីឡាអូឡាំពិចរដូវក្ដៅឆ្នាំ២០២០ នៅខែកក្កដា ខាងមុខនេះ។

យ៉ាងណាក៏ដោយ នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍ លោក Katsunobu Kato ក៏បានបង្ហាញការសោកស្ដាយ និងសូមទោសជាសាធារណៈផងដែរ។ លោក Kato បានគូសបញ្ជាក់ដូច្នេះថា៖ «យើងពិតជាសូមទោស ចំពោះស្ថានភាពបែបនេះដែលបង្កឡើងដោយកំហុសរបស់ពួកយើង...តែយើងនឹងចាត់វិធានការចាំបាច់នានា ក្នុងនោះរួម មានទាំងបង្កើនការត្រួតពិនិត្យទ្វេដង ដើម្បីកុំឱ្យកំហុសបែបនេះកើតឡើងជាថ្មី»

លោករដ្ឋមន្ត្រីសុខាភិបាលជប៉ុន បន្ថែមថា មនុស្ស២៣នាក់ ដែលបានចុះពីលើកប៉ាល់ Diamond Princess កាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ មិនត្រូវបានត្រួតពិនិត្យនោះទេ ចាប់តាំងពីមុនថ្ងៃទី៥ ខែកុម្ភៈមក ហើយខាងក្រសួងកំពុងព្យាយាមទាក់ទងទៅកាន់ពួកគេ ដើម្បីធ្វើតេស្តជាថ្មីឡើងវិញ៕