(រ៉ូម)៖ អាជ្ញាធរអ៉ីតាលីទើបតែបានប្រកាសពីការរកឃើញករណីឆ្លងមេរោគ COVID-19 ចំនួន ១៤ករណីថ្មីៗបន្ថែមទៀត ខណៈអ្នកជំងឺម្នាក់វ័យ ៧៨ឆ្នាំបានស្លាប់។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន CNN នៅរសៀលថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២០។

អ្នកជំងឺដែលបានបាត់បង់ជីវិតខាងលើនេះ ស្ថិតក្នុងមន្ទីរពេទ្យមួយកន្លែងនៅទីក្រុងផេដ្វា (Padua) នៃតំបន់វេណេតូ (Veneto) ភាគខាងជើងប្រទេសអ៉ីតាលី ហើយវាគឺជាករណីដំបូង ដែលមានមនុស្សស្លាប់ដោយសារជំងឺ COVID-19 នៅក្នុងប្រទេសអឺរ៉ុបមួយនេះ។ អាជ្ញាធរអ៉ីតាលីក៏បានប្រកាសពីការរកឃើញ ករណីឆ្លងថ្មីចំនួន ១៤ផងដែរ ដែលស្ថិតក្នុងតំបន់ឡុមបាឌី (Lombardy) ទាំងអស់ នៅប៉ែកខាងជើងអ៉ីតាលីដូចគ្នា។ ប្រការនេះបានធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅអ៉ីតាលីកើនដល់ ១៧ករណី។

គួរជម្រាបថា រដ្ឋមន្រ្តីសុខាភិបាលអ៉ីតាលី រ៉ូប៊ឺតូ ស្ពែរ៉ាន់ហ្សា (Roberto Speranza) បានប្រកាសពីចំណាត់ការរឹតត្បិតកម្រិតខ្ពស់ នៅក្នុងតំបន់ Lombardy និង Veneto ដោយអ្នកដែលធ្លាប់ទាក់ទងប៉ះពាល់ជាមួយជន ដែលត្រូវបានធ្វើតេស្តរកឃើញមេរោគ COVID-19 ត្រូវតែស្ថិតនៅក្រោមការដាក់ឲ្យនៅដាច់ដោយឡែក ដើម្បីតាមដាន ហើយអ្នករស់នៅតាមភូមិ ដែលមានករណីឆ្លងត្រូវស្ថិតនៅក្នុងផ្ទះ។

ជាមួយគ្នានេះ ព្រឹត្តិការណ៍ជួបជុំសាធារណៈនានាត្រូវបានលុបចោល ហើយសាលារៀន ហាងលក់ដូរ និងសហគ្រាសផ្សេងៗនៅក្នុងតំបន់ទាំងនេះ រួមជាមួយសកម្មភាពកីឡា ក៏ត្រូវបានផ្អាកជាបណ្តោះអាសន្នផងដែរ៕