(សេអ៊ូល)៖ អាជ្ញាធរកូរ៉េខាងត្បូងបានប្រកាសថា ករណីឆ្លងថ្មីៗនៃមេរោគ COVID-19 ចំនួន ១៤២ ករណីបន្ថែមទៀតត្រូវបានរកឃើញនៅក្នុងថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈនេះតែម្តង ដែលប្រការនេះវាបានធ្វើឲ្យចំនួនអ្នកឆ្លងសរុប នៅក្នុងប្រទេសអាស៊ីខាងកើតមួយនេះ កើនឡើងរហូតដល់ ៣៤៦ករណី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២០។

តួលេខនៃការឆ្លងមេរោគ COVID-19 នៅប្រទេសកូរ៉េខាងត្បូង មានការកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយសម្រាប់ករណីឆ្លងថ្មីៗយ៉ាងគំហុកនេះ ​ភាគច្រើនគឺមានជាប់ពាក់ព័ន្ធនឹងមន្ទីរពេទ្យមួយកន្លែង នៅភាគខាងត្បូងក្រុង ឆុងទូ (Cheongdo) និងព្រះវិហារគ្រិស្តសាសនាមួយមានឈ្មោះថា ស៊ីនឈុនជី (Shincheonji) ស្ថិតក្នុងក្រុងដេគូ (Daegu) ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង។

មកទល់ពេលនេះសមាជិកព្រះវិហារ Shincheonji សរុបជាង ១៥០នាក់ហើយបានឆ្លងមេរោគ COVID-19 ដោយចាប់ផ្តើមដំបូងពីស្រ្តីវ័យ ៦១ឆ្នាំម្នាក់ ដែលបានបង្ហាញរោគសញ្ញាសង្ស័យកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ក៏ប៉ុន្តែបានចូលរួមពិធីសាសនាក្នុងព្រះវិហារគ្រិស្តនោះយ៉ាងតិច ០៤លើក មុនពេលត្រូវបានក្រុមជំនាញធ្វើរោគវិនិច្ឆ័យ រកឃើញមេរោគ COVID-19 នៅក្នុងខ្លួនរបស់គាត់។

គួរជម្រាបថា Daegu ជាទីក្រុងធំជាងគេលំដាប់ទី ៤ របស់កូរ៉េខាងត្បូង ដែលមានមនុស្សរស់នៅជាង ២.៥លាននាក់។ អភិបាលក្រុងនេះ បានជំរុញឲ្យប្រជាជនកុំចេញក្រៅ ប្រសិនបើពុំចាំបាច់ ហើយនៅពេលនៅខាងក្រៅត្រូវពាក់ម៉ាសជាប់ជានិច្ច៕