(ប៉េកាំង)៖ អាជ្ញាធរទីក្រុង Wuhan នៃខេត្ត Hubei ប្រទេសចិន នាថ្ងៃសុក្រនេះ បានឲ្យដឹងថា វេជ្ជបណ្ឌិតម្នាក់ទៀតនៃមន្ទីរពេទ្យមួយកន្លែង ក្នុងទីក្រុងនេះ ទើបតែបានទទួលមរណភាពដោយសារតែជំងឺ COVID-19។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០។

លោក Peng Yinhua អាយុ២៩ឆ្នាំ ជាវេជ្ជបណ្ឌិតឯកទេសផ្នែករោគផ្លូវដង្ហើម បានឆ្លងមេរោគ COVID-19 នៅពេលប្រយុទ្ធប្រឆាំងនឹងរីករាលដាលនៃជំងឺនេះ នៅឯមន្ទីរពេទ្យ First People ក្នុងសង្កាត់ Jiangxia នៃទីក្រុង Wuhan ដែលជាចំណុចក្តៅគគុក។ វេជ្ជបណ្ឌិតរូបនេះ បានទទួលការព្យាបាលកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ហើយត្រូវបានផ្ទេរចេញទៅកាន់មន្ទីរពេទ្យមួយទៀតឈ្មោះ Jinyintan នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។

គួរជម្រាបថា លោក Peng បានបាត់បង់ជីវិតដោយសារតែជំងឺ COVID-19 កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅឯមន្ទីរពេទ្យ Jinyintan បើទោះបីជាក្រុមវេជ្ជបណ្ឌិតនៅទីនោះ ខំប្រឹងប្រែងជួយសង្រ្គោះជីវិតលោកយ៉ាងណាក៏ដោយ។ លោក Peng បានសម្រេចចិត្តពន្យារពេល រៀបការរបស់ខ្លួន ដើម្បីចូលរួមជួយក្នុងការប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះ។ កន្លងទៅ ប្រធានមន្ទីរពេទ្យធំមួយនៅទីក្រុង Wuhan ព្រមទាំងវេជ្ជបណ្ឌិតម្នាក់ទៀត ក៏ត្រូវបានជំងឺ COVID-19 ឆក់យកអាយុជីវិតផងដែរ៕