(ប៉េកាំង)៖ វ៉ាក់សាំងដំបូងបង្អស់សម្រាប់ប្រឆាំងនឹងវីរុសកូរ៉ូណាថ្មី ដែលបង្កជាជំងឺ COVID-19 នឹងត្រូវបានដាក់ជូនដល់ក្រសួងពាក់ព័ន្ធនានានៅក្នុងប្រទេសចិន ដើម្បីពិនិត្យ និងទទួលបានការអនុញ្ញាតក្នុងការសាកល្បងព្យាបាលលើមនុស្សនៅចុងខែមេសា ខាងមុខនេះ។ នេះបើតាមអនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០។

លោក ស៊ូ ណានពីង (Xu Nanping) អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន បានធ្វើការប្រកាសបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយនៅថ្ងៃសុក្រនេះ ខណៈចំនួនអ្នកសា្លប់ដោយសារ COVID-19 បានកើនឡើងដល់ជាង ២,២៣៦នាក់ហើយ ឆ្លងជាង ៧៥,៤០០នាក់ នៅក្នុងប្រទេសចិន។

សូមជំរាបថា កន្លងមកប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយេសឹស (Tedros Adhanom Ghebreyesus) ក៏ធ្លាប់បានប្រកាសផងដែរថា ការផលិតវ៉ាក់សាំងសម្រាប់ Covid-19 អាចនឹងត្រូវបានផលិតរួចរាល់នៅក្នុងរយៈពេល ១៨ខែខាងមុខនេះ។ ក្នុងពេលបច្ចុប្បន្ន ចិនបាននិងកំពុងធ្វើតេស្ដលើថ្នាំបីប្រភេទ ដែលបានបង្ហាញពីប្រសិទ្ធភាពក្នុងការព្យាបាលជំងឺមួយនេះ។ ក្នុងនោះមានដូចជា ថ្នាំប្រឆាំងជំងឺគ្រុនចាញ់ (chloroquine phosphate), ថ្នាំប្រឆាំងផ្ដាសាយ (favipiravir) និងថ្នាំមួយប្រភេទទៀត (remdesivir) ដែលធ្លាប់ត្រូវបានគេប្រើប្រាស់ក្នុងការព្យាបាលជំងឺអេបូឡា (Ebola) ដ៏កាចសាហាវនៅអាហ្វ្រិក៕