(ប៉េកាំង)៖ អាជ្ញាធរចិននាថ្ងៃសុក្រនេះបានប្រកាសថា ករណីឆ្លងមេរោគ COVID-19 បានរាលដាលទៅដល់ពន្ធនាគារមួយកន្លែង នៅភាគខាងកើតប្រទេស ដែលមានដល់ទៅជាង ២០០ករណី។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០។

រដ្ឋបាលខេត្តសានទុង (Shandong) ប្រទេសចិនបានឲ្យដឹងថា ក្រោយការធ្វើរោគវិនិច្ឆ័យយ៉ាងលម្អិត ទៅលើបុគ្គលិកពាក់ព័ន្ធនៃពន្ធនាគារ រិនឆឹង (Rencheng) ក្នុងទីក្រុងជីនីង (Jining) លទ្ធផលបានបង្ហាញថា មានអ្នកឆ្លង COVID-19 សរុបចំនួន ២០៧នាក់ ហើយពួកគេទាំងអស់នោះកំពុងស្ថិតក្រោមការដាក់ឲ្យនៅ ដាច់ដោយឡែកក្នុងមន្ទីរពេទ្យ ដើម្បីទទួលការព្យាបាល។ កាលពីសប្តាហ៍មុន មន្រ្តីពន្ធនាគារ Rencheng ម្នាក់ដំបូងបានបង្ហាញរោគសញ្ញាសង្ស័យ ហើយក៏ត្រូវបានធ្វើតេស្តរកឃើញថា មានជំងឺ COVID-19។

គួរជម្រាបថា យោងតាមរបាយការណ៍នាព្រឹកថ្ងៃសុក្រនេះ ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅតាមបណ្តាខេត្ត-តំបន់ចំនួន ៣១ របស់ចិន (មិនរាប់ទីក្រុងហុងកុង ទីក្រុងម៉ាកាវ និងកោះតៃវ៉ាន់) បានកើនដល់ ២,២៣៦នាក់ ខណៈអ្នកឆ្លងបានកើនដល់ចំនួន ៧៥,៤៦៥នាក់ រីឯអ្នកជាសះស្បើយសរុបគឺ ១៨,២៦៤នាក់៕