(ហាណូយ)៖ ប៉ូលិសវៀតណាមបានធ្វើការចោទប្រកាន់ជាផ្លូវការ ទៅលើមនុស្សសរុប ០៧នាក់ ក្នុងករណីជនអន្តោប្រវេសន៍ ៣៩នាក់ដែលត្រូវបានគេឃើញសា្លប់ នៅក្នុងទូរកុងតឺនឺមួយនៅក្បែរទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេសកាលពីឆ្នាំ២០១៩។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០។

បើតាមប៉ូលិលវៀតណាម ជនជាប់ចោទទាំង ០៧នាក់ខាងលើ ដែលក្នុងនោះរួមមានទាំងស្ត្រីម្នាក់កំពុងរស់នៅប្រទេសចិន ត្រូវបានចោទប្រកាន់ពីបទរៀបចំឯកសារអន្តោប្រវេសន៍សម្រាប់មនុស្ស ៦៧នាក់ មកពីតំបន់ផ្សេងៗគ្នានៅក្នុងប្រទេសវៀតណាម ដើម្បីអាចធ្វើអន្តោប្រវេសន៍ដោយខុសច្បាប់ នៅចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប។

គួរជម្រាបថា ជនរងគ្រោះទាំង ៣៩នាក់ (មានក្មេងប្រុសអាយុ ១៥ឆ្នាំម្នាក់) ភាគច្រើនគឺជាជនជាតិវៀតណាមមកពីខេត្តចំនួន ០២ ស្ថិតនៅភាគខាងកណ្ដាល និងភាគខាងជើងប្រទេសវៀតណាម ត្រូវបានគេរកឃើញសាកសពនៅក្នុងទូរកុងតឺនឺ ក្បែងទីក្រុងឡុងដ៍ កាលពីចុងខែមិថុនា ឆ្នាំ២០១៩។ កាលពីសប្ដាហ៍មុន ប៉ូលិសអង់គ្លេសក៏បានឃាត់ខ្លួនមនុស្ស ០២នាក់បន្ថែមទៀតផងដែរ នៅក្នុងសំណុំរឿងនេះ ប៉ុន្តែមិនបានបញ្ជាក់អ្វីលម្អិតលើសពីនេះឡើយ៕