(សេអ៊ូល)៖ អាជ្ញាធរកូរ៉េខាងត្បូងនៅព្រឹកថ្ងៃសុក្រនេះបានរាយការណ៍ឲ្យដឹងថា ការឆ្លងថ្មីៗនៃវីរុស COVID-19 នៅប្រទេសអាស៊ីបូព៌ាមួយនេះ ត្រូវបានរកឃើញ ៥២ករណីបន្ថែមទៀត ដែលជាហេតុនាំឲ្យចំនួនករណីឆ្លងសរុបកើនដល់ ១៥៦ករណី នៅទូទាំងប្រទេស។ នេះបើតាមការចេញដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូងយុនហ៉ាប់ នាព្រឹកថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០។

ចំនួនករណីឆ្លងថ្មីៗនៃវីរុស COVID-19 បានកើនឡើងស្ទើរបីដង ក្នុងរយៈពេលតែ ០៣ថ្ងៃប៉ុណ្ណោះនៅទូទាំងប្រទេសកូរ៉េខាងត្បូង ហើយករណីឆ្លងភាគច្រើន គឺកើតចេញពីព្រះវិហារគ្រិស្តមួយកន្លែង ដែលស្ថិតនៅទីក្រុងដេហ្គូ (Daegu) ភាគអាគ្នេយ៍ប្រទេស។ ក្នុងចំណោម ៥២ករណីថ្មីៗខាងលើមាន ៤១ករណីត្រូវបានរកឃើញនៅក្រុងដេហ្គូ (Daegu) ដែលស្ថិតចម្ងាយ ៣០០គីឡូម៉ែតពីរដ្ឋធានីសេអ៊ូល ខណៈ០៣ករណីផ្សេងទៀត ត្រូវបានគេរាយការណ៍នៅក្នុងរដ្ឋធានីសេអ៊ូលតែម្តង។

គួរបញ្ជាក់ថា អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានសំរេចចិត្តដាក់ក្រុង Daegu និងតំបន់ជិតខាងជា «តំបន់គ្រប់គ្រងពិសេស» បន្ទាប់ពីមានការកើនឡើងនូវចំនួនអ្នកឆ្លងរោគជាបន្តបន្ទាប់ និងករណីស្លាប់ដំបូងរបស់ខ្លួននៅទីនោះដោយសារមេរោគឆ្លង COVID-19៕