(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិនបានបញ្ជាក់នៅព្រឹកថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នេះថា ចំនួនអ្នកដែលបានជាសះស្បើយពីជំងឺឆ្លង COVID-19 នៅទូទាំងប្រទេសចិន បានកើនឡើងដល់ ១៨,២៦៤នាក់ហើយ ខណៈការឆ្លងរាលដាលថ្មីៗ ត្រូវបានគេមើលឃើញថា ក៏បង្ហាញសញ្ញាធ្លាក់ចុះផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

អាជ្ញាធរចិនបានឲ្យដឹងថា នារយៈពេលពេញមួយថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ មនុស្សសរុប ២,១០៩នាក់បន្ថែមទៀតត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាត ឲ្យចាកចេញពីមន្ទីរពេទ្យនៅទូទាំងប្រទេសចិន។

គួរបញ្ជាក់ថា ចំនួនមនុស្សស្លាប់ដោយសារជំងឺឆ្លង COVID-19 បានកើនឡើងដល់ជាង ២,២៣៦នាក់ហើយ ខណៈអ្នកករណីឆ្លងនៅទូទាំងប្រទេសចិនវិញនោះ បានកើនឡើងដល់ជាង ៧៥,៤០០នាក់ផងដែរ។ នេះបើតាមរបាយការណ៍ចុងក្រោយ ពីអាជ្ញាធរសុខាភិបាលចិន ដែលបានចេញនៅព្រឹកថ្ងៃសុក្រនេះ៕