(ប៉េកាំង)៖ ការហោះហើរលើកដំបូង នៃគ្រាប់រ៉ុក្កែតដឹកជញ្ជូនស៊េរីថ្មីរបស់ចិនគឺ Long March-5B នឹងត្រូវធ្វើឡើងនៅខែមេសា ឆ្នាំ២០២០ ឆាប់ៗខាងមុខនេះហើយ ដើម្បីឈានទៅរកការចាប់ផ្តើមនូវដំណើរការសាងសង់ ស្ថានីយអវកាសផ្ទាល់ខ្លួនរបស់ចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២០។

រ៉ុក្កែត Long March-5B ដែលជាជំនាន់ថ្មីពីលើគ្រាប់រ៉ុក្កែតដឹកជញ្ជូន ធំជាងគេបច្ចុប្បន្នរបស់ចិន Long March 5 នឹងត្រូវប្រើប្រាស់ជាចម្បង សម្រាប់ការបញ្ជូនកំណាត់ស្ថានីយអវកាសចិន យកទៅផ្គុំគ្នានៅក្នុងទីអវកាស និងការបញ្ជូនយានអវកាសធំៗ ឡើងទៅកាន់គន្លងគោចរជុំវិញផែនដី។
ការបាញ់បង្ហោះគ្រាប់រ៉ុក្កែត Long March-5B នៅខែមេសាខាងមុខ គឺពុំទាន់មានការបញ្ជូនផ្នែកស្នូលដំបូងនៃស្ថានីយអវកាសចិន ឡើងទៅកាន់ទីអវកាសនៅឡើយទេ ប៉ុន្តែវាជារឿងសំខាន់មួយ ដើម្បីសាកល្បងសមត្ថភាពរបស់រ៉ុក្កែតថ្មីនេះ ដែលនឹងត្រូវរ៉ាប់រងការធ្ងន់ៗ នៅក្នុងការដឹកជញ្ជូនបរិក្ខានានា ឡើងទៅកាន់ទីអវកាស។

គួរជម្រាបថា បើតាមផែនការចិនគ្រោងនឹងសម្រេចឲ្យបាន ស្ថានីយអវកាសរបស់ខ្លួនជាស្ថាពរនៅខ្ទង់ឆ្នាំ២០២២។ ស្ថានីយអវកាសចិននឹង មានរាងជាអក្សរ «T» ដោយក្នុងនោះកំណាត់បន្ទប់ឈ្មោះថា ធានហេ (Tianhe) នឹងមូលដ្ឋានកន្លែងកណ្តាល ហើយមានបន្ទប់ពិសោធន៍ចំនួន ០២កំណាត់ទៀតនៅសងខាងវិញ។ កំណាត់បន្ទប់ស្នូល Tianhe នឹងមានបណ្តោយប្រវែង ១៦.៦ម៉ែត្រជាមួយអង្កត់ផ្ចិត ៤.២ម៉ែត្រ ហើយអាចអនុញ្ញាតឲ្យអវកាសយានិកសរុប ០៣នាក់ ស្នាក់នៅជាមួយរយៈពេលយូរបាន៕