(សេអ៊ូល)៖ កូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នេះបានរាយការណ៍ថា អ្នកជំងឺ COVID-19 ម្នាក់បានស្លាប់ជាលើកដំបូងនៅក្នុងប្រទេស ខណៈករណីឆ្លងថ្មីៗចំនួន ២២បន្ថែមទៀត្រូវបានគេរកឃើញ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបក្នុងប្រទេសអាស៊ីខាងកើតមួយនេះកើនដល់ ១០៤ករណី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

ទោះបីជាបែបនេះក្តី នៅក្នុងសេចក្ដីថ្លែងការណ៍របស់មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លងកូរ៉េខាងត្បូងបានបញ្ជាក់ថា មូលហេតុស្លាប់ពិតប្រាកដនៃអ្នកជំងឺឆ្លង COVID-19 ខាងលើនេះ នៅតែកំពុងស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ ខណៈករណីឆ្លងថ្មីៗភាគច្រើនត្រូវបានគេរកឃើញ នៅក្នុងចំណោមមនុស្ស ដែលបានចូលរួមក្នុងពិធីសាសនាមួយ នៅឯវិហារសាសនាគ្រិស្ដក្នុងទីក្រុងដេគូ (Daegu)។

គួរបញ្ជាក់ថា នៅក្រៅចិនដីគោក ប្រទេសជប៉ុន អ៉ីរ៉ង់ បារាំង កោះតៃវ៉ាន់ ហុងកុង និងហ្វលីពីនជាដើមក៏បានអះអាងពីករណីស្លាប់ ដោយសារមេរោគឆ្លង COVID-19 ផងដែរ ហើយពេលនេះគឺបូកថែមកូរ៉េខាងត្បូងមួយទៀត៕