(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននៅថ្ងៃព្រហស្បតិ៍នេះបានរាយការណ៍ថា ចំនួនអ្នកឆ្លងថ្មីនៃជំងឺ Covid-19 បន្តធ្លាក់ចុះ រីឯអ្នកជាស្បះស្បើយ នៅតែមានចំនួនច្រើនជាងអ្នកដែលឆ្លងដដែល។ ប៉ុន្តែអ្នកវិទ្យាសាស្ត្រជាន់ខ្ពស់ចិនម្នាក់បានព្រមានថា មេរោគឆ្លង Covid-19 នេះនឹងមិនរលាយបាត់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះទេ ដោយវាអាចនឹងបន្តនៅជាមួយមនុស្សក្រោមទម្រង់ជា «ជំងឺផ្ដាសាយថ្មីមួយ»។ នេះបើតាមការដកស្រង់ចេញផ្សាយ ចេញពីសារព័ត៌មាន South China Morning Post នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២០។

លោក វ៉ាង ឈិន (Wang Chen) ជាប្រធានបណ្ឌិតសភាវិទ្យាសាស្ត្រ-វេជ្ជសាស្ត្រចិន បានធ្វើកត់សម្គាល់ខាងលើ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋចិន CCTV នៅថ្ងៃពុធសប្ដាហ៍នេះ និងបន្ទាប់ពីមានការសន្និដ្ឋានជាច្រើនថា Covid-19 នឹងរលាយបាត់ដោយខ្លួនឯង នៅពេលរដូវក្ដៅចូលមកដល់នៅខែមេសា ខាងមុខនេះ។

លោក Wang ឱ្យដឹងថា បើទោះជាចំនួនអ្នកឆ្លង និងអ្នកស្លាប់ដោយសារ Covid-19 នៅទូទាំងប្រទេសចិនមានការធ្លាក់ចុះជាបន្តបន្ទាប់ក៏ដោយ ក៏ពិភពលោកមិនត្រូវធ្វេសប្រហែសនោះដែរ ហើយគួរតែត្រៀមខ្លួនចំពោះលទ្ធភាពដែលថា Covid-19 បង្កឡើងដោយកូរ៉ូណាវីរុសអាចនឹងវិវត្តន៍ខ្លួនទៅជា «ជំងឺផ្ដាសាយថ្មីមួយ»។ អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់ចិនរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «កូរ៉ូណាវីរុសបង្កជាជំងឺ Covid-19 គឺមានលក្ខណៈខុសគ្នាទៅនឹងកូរ៉ូណាវីរុស ដែលបង្កជំងឺ SARS... ដូច្នេះ Covid-19 ប្រហែលជាអាចនឹងក្លាយជាជំងឺឆ្លងរយៈពេលវែង ដោយវាអាចនឹងបន្តរស់នៅជាមួយមនុស្ស ដូចជាជំងឺផ្ដាសាយដែរ»។

គួរបញ្ជាក់ថា ក្រុមអ្នកស្រាវជ្រាវចិននៅក្នុងការសិក្សាថ្មីមួយ ចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះបានឱ្យដឹងថា អ្នកឆ្លង COVID-19 ជាង ៨០.៩% មានរោគសញ្ញាធូរស្រាល ១៣.៨%មានរោគសញ្ញាធ្ងន់ធ្ងរ ខណៈមានតែ ៤.៧% ប៉ុណ្ណោះអាចប្រឈមមុខនឹងការស្លាប់។ ការសិក្សាថ្មីនេះដដែល ស្រដៀងគ្នាទៅនឹងការរកឃើញរបស់ អង្គការសុខភាពពិភពលោក WHO ក៏បានបញ្ជាក់ដែរថា មនុស្សចំណាស់មានអាយុ ៨០ឆ្នាំ ឬចាស់ជាងនេះអាចនឹងប្រឈមមុខខ្ពស់ នឹងការស្លាប់ ក្នុងអាត្រាដល់ទៅ ១៤.៨% ហើយអ្នកដែលមានជំងឺធ្ងន់ធ្ងរស្រាប់ដូចជាជំងឺបេះដូង ទឹកនោមផ្អែម ជំងឺផ្លូវដង្ហើម និងសម្ពាធឈាមខ្ពស់ ក៏អាចប្រឈមមុខនឹងការស្លាប់ផងដែរ៕