(សេអ៊ូល)៖ អាជ្ញាធរកូរ៉េខាងត្បូងបានរាយការណ៍ឲ្យដឹងថា ករណីថ្មីនៃការឆ្លងមេរោគកូរ៉ូណាថ្មីនៅប្រទេសអាស៊ីខាងកើតនេះ បានកើនឡើងដល់ទៅ២០ករណីបន្ថែមទៀត សម្រាប់ថ្ងៃពុធនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។

កូរ៉េខាងត្បូង ដែលមានសេដ្ឋកិច្ចពឹងផ្អែកលើការដោះដូរពាណិជ្ជកម្ម បាននិងកំពុងរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ដោយសារតែការផ្ទុះរាល ដាលយ៉ាងខ្លាំងក្លាយ នៃវីរុសកូរ៉ូណាថ្មីនៅក្នុងប្រទេសចិន ដែលជាប្រទេសជិតខាងរបស់ខ្លួន។ ចំនួនករណីវីរុសកូរ៉ូណាថ្មី នៅកូរ៉េខាងត្បូង ផ្ទាល់ គឺមិន មានការប្រែប្រួលខ្លាំងនោះប៉ុន្មានទេ ប៉ុន្មានថ្ងៃកន្លងទៅ ប៉ុន្តែករណីថ្មីដែលរកឃើញនៅថ្ងៃពុធនេះ គឺដល់ទៅ២០ករណី។

បើតាមមជ្ឈមណ្ឌលកូរ៉េសម្រាប់ការគ្រប់គ្រងនិងបង្ការជំងឺ ដែលហៅកាត់់ថា KCDC បានរាយការណ៍ឲ្យដឹងថា មានករណីឆ្លងថ្មីចំនួន ២០ករណីផ្សេងទៀត ត្រូវបានគេរកឃើញ។ ប្រការនេះ បានធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនឡើងពី៣១ករណី ដល់៥១ករណី។ ក្នុងចំណោម អ្នកឆ្លងថ្មីទាំងនោះ មាន១៨នាក់នៅខេត្ត Daegu និងខេត្ត North Gyeongsang ហើយ១៥នាក់ក្នុងចំណោមពួកគេទៀតសោត ត្រូវបានអាជ្ញាធរជឿថា មានទំនាក់ទំនងនិងប៉ះពាល់ជាមួយនឹងអ្នកជំងឺតែម្នាក់ប៉ុណ្ណោះ គឺស្ត្រីមា្នក់ អាយុ៦១ឆ្នាំ។

ស្រ្តីម្នាក់នោះ មានអាការៈក្តៅខ្លួនដំបូងនៅថ្ងៃទី១០ ខែកុម្ភៈ ប៉ុន្តែមិនព្រមឲ្យគេបានធ្វើតេស្តរកមេរោគកូរ៉ូណាថ្មី ដែលគេហៅថា COVID-19 នោះទេ ដោយហេតុថានាងមិនបានធ្វើដំណើរទៅបរទេស។ ដូច្នេះ ស្រ្តីខាងលើមិនត្រូវបានដាក់ឲ្យនៅដាច់ពីគេឯងទេ រហូតដល់មួយសប្តាហ៍ក្រោយមក ទើបនាងត្រូវបានគេបញ្ជាក់ថា មានផ្ទុកវីរុស COVID-19 ដែលជាករណីទី៣១របស់ប្រទេសនេះ កាលពីថ្ងៃអង្គារម្សិលមិញ។

គួរជម្រាបថា ទីក្រុងសេអ៊ូលបានដាក់បម្រាមមិនឲ្យជនបរទេសដែលមកពីខេត្តហ៊ូប៉ី ដែលចំណុចកណ្តាលនៃផ្ទុះឡើងនូវវីរុស ចូលប្រទេសខ្លួននោះទេ ហើយក៏បានព្យួទិដ្ឋាការមិនឲ្យចូលទៅកោះជេជូ ដែលជាកោះទទួលបានការពេញនិយម ពីសំណាក់ភ្ញៀវទេសចរចិនផងដែរ។ តែទោះយ៉ាងណា កូរ៉េខាងត្បូង មិនបានដាក់បម្រាមហាម អ្នកដំណើរដែលមកពីប្រទេសចិនទាំងមូល នោះឡើយ៕