(សេអ៊ូល)៖ ពិធីជួបជុំដែលពោពេញដោយទឹកភ្នែករវាងស្រ្តីជាម្ដាយម្នាក់ និងកូនស្រី ដែលបានស្លាប់ទៅហើយ តាមរយៈប្រព័ន្ធបច្ចេកវិទ្យា VR នៅក្នុងប្រទេសកូរ៉េខាងត្បូង កំពុងក្លាយជាប្រធានបទមួយ ត្រូវបានគេលើកយកមកជជែកដេញដោល យ៉ាងផុលផុសនៅលើបណ្ដាទំនាក់ទំនងសង្គម ពីការទស្សនាកម្សាន្តចំពោះទុក្ខសោករបស់អ្នកដទៃ តាមកញ្ចក់ទូរទស្សន៍ និងអាជីវកម្ម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Japan Times នៅរសៀលថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។

ស្ត្រីជាម្ដាយឈ្មោះ ចាន ជីស៊ុង (Jang Ji-sung) បានជួបកូនស្រីរបស់ខ្លួនឈ្មោះ ណាយុន (Na-yeon) សាជាថ្មីតាមបចេ្ចកវិទ្យា VR (Virtual Reality) នៅក្នុងកម្មវិធីឯកសារនៃស្ថាន៍យទូរទស្សន៍កូរ៉េខាងត្បូង មុនវ៉ា (Munhwa Broadcasting Corp)។ ក្មេងស្រី Na-yeon បានស្លាប់ដោយសារជំងឺមហារីកឈាម កាលពីឆ្នាំ២០១៦។ តាមរយៈ VR អ្នកស្រី Jang Ji-sung បាននិយាយ ជួប ស្ទាបអង្អែល និងលេងបិទពួន ជាមួយកូនស្រីជាទីស្រឡាញ់របស់ខ្លួន នៅឯសួនច្បារមួយបង្កើតឡើងដោយបច្ចេកវិទ្យា។

នៅក្នុងជួបគ្នាដូចជាក្នុងសុបិនមួយ ក្មេងស្រីឈ្មោះ Na-yeon បានសួរម្ដាយនាងថា «តើម៉ាក់នៅកន្លែងណា? ខ្ញុំនឹងម៉ាក់ណាស់ ហើយតើម៉ាក់មាននឹកខ្ញុំវិញដែរឬទេ?»។ ជាការឆ្លើយតបលាយឡំជាមួយទឹកភ្នែក អ្នកម្ដាយ Jang Ji-sung បានតបវិញថា «ម៉ាក់នឹកកូនណាស់ ជាមួយការបោសអង្អែលកូនស្រីជាទីស្រឡាញ់»។ បន្តមកទៀតអ្នកស្រីក៏បានចំណាយ ពេលរៀបចំខួបកំណើតឱ្យកូនស្រីផងដែរ ដែលបានប្រាថ្នាចង់ឱ្យម្ដាយរបស់ខ្លួនឈប់យំ និងទួញសោកតទៅទៀត។

គួរបញ្ជាក់ថា វីដេអូឯកសារមានរយៈពេល ៩៖៣៨នាទី របស់ស្ថាន៍យទូរទស្សន៍កូរ៉េខាងត្បូង Munhwa Broadcasting Corp ដែលមានចំណងជើងថា «I Met You» ឬ «ខ្ញុំបានជួបអ្នកហើយ» មានអ្នកចូលទស្សនាច្រើនជាង ១៣លានដង ក្នុងមួយសប្ដាហ៍នៅលើ Youtube។ ប៉ុន្តែទន្ទឹមគ្នាមានអ្នកខ្លះបានផ្ដល់ការគំាទ្រដល់កម្មវិធីនេះ ហើយអ្នកខ្លះទៀត ដូចជាអ្នកជំនាញខាងប្រព័ន្ធផ្សព្វផ្សាយ លោក ផាក សាងយុន (Park Sang-hyun) យល់ថា ភាពយន្ដឯកខាងលើគឺជា «ការអាជីវកម្មលើទុក្ខសោករបស់អ្នកដទៃ» និងដើម្បីបានអ្នកទស្សនាច្រើនប៉ុណ្ណោះ។

លោក Park បានបញ្ជាក់ដូច្នេះថា «វាគួរតែយល់ពីទុក្ខសោកម្ដាយម្នាក់ ដែលចង់ជួបកូនរបស់ខ្លួនដែលបានស្លាប់... ប៉ុន្តែបញ្ហានៅត្រង់ថា រឿងនេះហាក់ដូចជាការធ្វើអាជីវកម្មលើទុក្ខសោករបស់អ្នកដទៃ ដោយគ្រាន់តែចង់បានអ្នកទស្សនាច្រើន។ បើសិនជាម្ដាយរូបនោះត្រូវបានប្រឹក្សាយោបល់ មុននឹងការថតនេះ ខ្ញុំឆ្ងល់ថាអ្នកជំនាញចិត្តវិទ្យាប្រភេទណា ដែលអនុញ្ញាតឱ្យរឿងបែបនេះកើតឡើង?»

យ៉ាងណាក៏ដោយ ផលិតករកម្មវិធីទូរទស្សន៍ Munhwa Broadcasting Corp អះអាងថា អ្វីដែលខ្លួនបានធ្វើគឺជាលួងលោម និងលើកទឹកចិត្តដល់ស្រី្តជាម្ដាយតែប៉ុណ្ណោះ ហើយវាមិនមែនផ្សព្វផ្សាយពាណិជ្ជកម្ម ឱ្យក្រុមហ៊ុនផលិតប្រព័ន្ធបច្ចេកវិទ្យា VR នោះទេ៕