(យ៉ូកូហាម៉ា)៖ អាជ្ញាធរជប៉ុនបានបញ្ជាក់ឲ្យដឹងថា ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅលើនាវាទេសចរណ៍ ដាយមិនដ៍ ព្រីនសេស (Diamond Princess) ដែលកំពុងចតនៅកំពង់ផែយ៉ូកូហាម៉ា (Yokohama) នោះ បានកើតឡើងដល់ ២៨៥នាក់ហើយ ក្រោយពីអ្នកឆ្លងថ្មីៗ ៦៧នាក់ទៀតត្រូវបានពិនិត្យឃើញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Japan Times នាល្ងាចថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។

ក្រៅពីការកើនចំនួនអ្នកឆ្លងជាបន្តបន្ទាប់ខាងលើនេះ សហរដ្ឋអាមេរិកឯណោះវិញ ក៏បានប្រកាសផងដែរថា ខ្លួនកំពុងបញ្ជូនយន្តហោះពិសេសមកកាន់ប្រទេសជប៉ុន ដើម្បីដឹកជញ្ជូនពលរដ្ឋពីកប៉ាល់ Diamond Princess ត្រឡប់ទៅវិញ។ ស្ថានទូតអាមេរិកប្រចាំទីក្រុង តូក្យូ បានប្រកាសឲ្យដឹងថា ការបញ្ជូនយន្តហោះមកនេះគឺជាភាពទទួលខុសត្រូវចំពោះ ពលរដ្ឋអាមេរិកដែលកំពុងប្រឈមមុខបញ្ហា និងជាការសម្រាលបន្ទុកដល់ វិស័យសុខាភិបាលរបស់ជប៉ុនផងដែរ។

គួរបញ្ជាក់ថា កប៉ាល់ខាងលើនេះមានផ្ទុកមនុស្សចំរុះជាតិសាសន៍សរុប ៣,៧០០នាក់ ដោយគិតទាំងក្រុមបុគ្គលិក ដែលបម្រើការងារនៅលើនោះផងដែរ។ ដោយឡែកជនជាតិអាមេរិក ដែលស្ថិតនៅលើកប៉ាល់ Diamond Princess ត្រូវបានគេះអាងថាមានខ្ទង់ ៣៨០នាក់ ប៉ុន្តែមិនទាន់មានការបញ្ជាក់ថា តើមានជនជាតិអាមេរិកបានឆ្លងវីរុស COVID-19 ដែរ ឬក៏អត់នោះឡើយ៕