(ប៉ារីស)៖ ភ្ញៀវទេសចរចិនម្នាក់មានវ័យ ៨០ឆ្នាំត្រូវបានអាជ្ញាធរបារាំងបញ្ជាក់ថា បានបាត់បង់ជីវិតហើយដោយសារតែវីរុស COVID-19 ឬកូរ៉ូណាថ្មី ដែលនេះគឺជាករណីស្លាប់ដំបូង នៅក្នុងប្រទេសបារាំង និងសម្រាប់ទ្វីបអឺរ៉ុបទាំងមូល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាល្ងាចថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។

សម្រាប់ប្រទេសបារាំងបច្ចុប្បន្ននេះមានអ្នកផ្ទុកវីរុស COVID-19 ចំនួន ១១ករណី ក្នុងនោះគឺម្នាក់បានបាត់បង់ជីវិត។ វីរុស COVID-19 នេះបានផ្តាច់ជីវិតមនុស្ស ១,៥១៩នាក់ និងជាង ៦៦,៤០០នាក់ទៀតឆ្លងនៅខេត្ត និងតំបន់ចំនួន ៣១ ទូទាំងប្រទេសចិន។

ដោយឡែកក្រៅពីទឹកដីចិន មនុស្សជាង ៥០០នាក់នៅតាមប្រទេស និងដែនដីសរុបចំនួន ២៤ បានឆ្លងវីរុស COVID-19 ក្នុងនោះក៏មានមួយចំនួន ត្រូវបានព្យាបាលឲ្យជាសះស្បើយផងដែរ។ សម្រាប់មនុស្សស្លាប់ដោយសារវីរុស COVID-19 ក្រៅពីចិនដីគោកនោះគឺមាននៅហុងកុងម្នាក់, ជប៉ុនម្នាក់, និងហ្វីលីពីនម្នាក់៕