(ស៊ីរី)៖ ឧទ្ធម្ភាគចក្រយោធាមួយគ្រឿង ដែលជាម្មសិទ្ធិរបស់រដ្ឋាភិបាលស៊ីរីត្រូវបានបាញ់ទម្លាក់ នៅភាគខាងលិចនៃទីក្រុងអាឡេប៉ូ ដែលជាទីលានប្រយុទ្ធយ៉ាងក្តៅគគុក ចុងក្រោយរបស់រដ្ឋាភិបាល ដើម្បីដណ្តើមយកមកកាន់កាប់វិញពីពួកឧទ្ទាមប្រដាប់អាវុធ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA ដកស្រង់ដោយសារព័ត៌មាន Aljazeera នារសៀលថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ ២០២០។

បើតាមប្រភពដដែលបានឲ្យដឹងថា ឧទ្ធម្ភាគចក្រខាងលើនេះត្រូវបានបាញ់ទម្លាក់ ដោយគ្រាប់មីស៊ីលជាលើកទី ២ ហើយក្នុងរយៈមួយសប្តាហ៍នេះ បន្ទាប់ពីឧទ្ធម្ភាគចក្រមួយគ្រឿងទៀត ត្រូវបានបាញ់ទម្លាក់ដែរកាលពី ០២ថ្ងៃមុន។ ទីភ្នាក់ងារព័ត៌មាន SANA មិនបានបញ្ជាក់ថា នរណាជាអ្នកនៅពីក្រោយករណីនេះឡើយ ដោយគ្រាន់តែបញ្ជាក់ថា នាវិកទាំងអស់នៅលើឧទ្ធម្ភាគចក្រនោះបានស្លាប់ទាំងអស់។ ក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលបានចេញអះអាងពោះរឿងនេះថា ជាស្នាដៃរបស់ខ្លួន។

គួរជម្រាបថា ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៩ មកដល់ខែកុម្ភៈ ឆ្នាំ២០២០ កងកម្លាំងរដ្ឋាភិបាលស៊ីរីដែលគាំទ្រដោយរុស្ស៊ី បាននិងកំពុងបន្តវាយប្រហារយ៉ាងចាស់ដៃ ទៅលើមូលដ្ឋានទ័ពក្រុមឧទ្ទាម ស្ថិតនៅភាគពាយ័ព្យនៃប្រទេស។ ការវាយលុកនេះបានបង្កឲ្យមានរលក នៃការផ្លាស់ទីលំនៅដ៏ធំបំផុតនៅក្នុងសង្គ្រាមរយៈពេល ០៩ឆ្នាំកន្លងមកនេះ ដោយមានមនុស្សជាង ៨០០,០០០នាក់បានភៀសខ្លួនឆ្ពោះទៅព្រំដែនតួកគី ខណៈប្រទេសតួកគីដែលបានទទួលជនភៀសខ្លួនស៊ីរីចំនួន ៣.៦លាននាក់រួចហើយនោះនិយាយថា ខ្លួនមិនអាចទទួលយកបន្ថែមទៀតបានឡើយ៕