(សៅប៉ូឡូ)៖ ក្រុមអ្នកវិទ្យាសាស្ត្រក្នុងទ្វីបអង់តាក់ទិច បានចុះបញ្ជីសីតុណ្ហភាពថ្មីមួយរហូតដល់ទៅ ២០.៧៥អង្សាសេ ដែលនេះគឺកម្រិតលើស ២០អង្សាសេជាលើកដំបូង នៅលើទ្វីបទឹកកកយក្សមួយនេះ ខណៈមានការព្រួយបារម្ភកាន់តែខ្លាំងពីការរលាយផ្ទាំងទឹកកក និងការកើនឡើងនៃកម្ដៅផែនដី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។

លោក ខាឡូស ស្កាអ៊ីហ្វើ (Carlos Schaefer) ជាអ្នកវិទ្យាសាស្ត្រប្រេស៊ីលម្នាក់ បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា «យើងមិនដែលបានឃើញសីតុណ្ហភាពក្ដៅបែបនេះទេ នៅលើទ្វីបអង់តាក់ទិច»។ លោកបន្ថែមថា ការរកឃើញនេះធ្វើឡើងនៅឯស្ថានីយនៅលើកោះមួយ ស្ថិតនៅភាគខាងជើងចុងបំផុត នៃទ្វីបមួយនេះកាលពីថ្ងៃទី៩ ខែកុម្ភៈ ប៉ុន្តែនេះមិនមែនបង្ហាញពីនិន្នាការ ប្រម្រែបម្រួលអាកាសធាតុនោះទេ ព្រោះវាគ្រាន់តែជាការផ្តោតតែទៅលើ សីតុណ្ហភាពតែមួយគត់ និងមិនមែនជាផ្នែកមួយទិន្នន័យរយៈពេលវែងឡើយ។

គួរជម្រាបថា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ កម្ដៅនៅលើទ្វីបអង់តាក់ទិចមានសីតុណ្ហភាព ១៧.២អង់ង្សាសេ ខណៈឆ្នាំ២០១៩ កន្លងទៅត្រូវបានអង្គការសហប្រជាជាតិចាត់ទុកថា ជាឆ្នាំដ៏ក្ដៅបំផុតមួយមិនធ្លាប់ចាប់តាំងពីឆ្នាំ២០១៦ មក ខណៈនៅឆ្នាំ២០២០ នេះ សីតុណ្ហភាពកំពុងបន្តស្ថិតនៅក្នុងនិន្នាការនេះដដែល៕