(ម៉ានីល)៖ នៅថ្ងៃប្រហស្បតិ៍នេះ ប្រធានាធិនតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានចេញមុខមកបដិសេធចោល ចំពោះសំណើរបស់កោះតៃរ៉ាន់ ដែលទាមទាឱ្យលោកដកចេញវិញនូវ បំរាមហាមឃាត់ប្រជាពលរដ្ឋតៃវ៉ាន់ មិនឱ្យចូលមកកាន់ប្រទេសហ្វីលីពីន។ សម្រាប់ប្រធានាធិបតីរូបនេះ វិធានការបែបនេះធ្វើឡើងដើម្បីគិតគូរដល់សុវត្ថិភាពរបស់ប្រជាជនហ្វីលីពីនជាចម្បង។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNA ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។

កោះតៃវ៉ាន់បាននិយាយគំរាមថា ប្រសិនបើហ្វីលីពីននៅតែមិនព្រមដកបម្រាម ដែលខ្លួនបានដាក់ក្នុងសប្តាហ៍នេះទេនោះ តៃវ៉ាន់ប្រាកដជានឹងពិចារណាលើវិធានការប្រឆាំងវិញជាមិនខាន។ ជាការឆ្លើយតប លោក ឌូតឺតេ បានបញ្ជាក់ថា វិធានការរឹតត្បិតនេះនឹងនៅតែបន្ត ដរាបណាវីរុសកូរ៉ូណាប្រភេទថ្មី (COVID-19) នៅតែបន្តបង្កការគំរាមកំហែង ហើយអ្វីដែលជារឿងគួរឲ្យបាម្ភបំផុតសម្រាប់លោក គឺសុវត្ថិភាពប្រជាជនហ្វីលីពីន។

គួរជម្រាបជូនថា ប្រជាជនហ្វីលីពីនច្រើនជាង ១១៥,០០០ បាននិងកំពុងរស់នៅ ក៏ដូចជាធ្វើការនៅកោះតៃរ៉ាន់ ដែលភាគច្រើនពួកគេជាកម្មកររោងចក្រ និងជាអ្នកបម្រើការងារតាមផ្ទះ។ តៃវ៉ាន់ និងហ្វីលីពីន ដ្បិតថាមានចំណងសេដ្ឋកិច្ច និងវប្បធម៌ជិតស្និតនឹងគ្នាក៏ពិតមែន ប៉ុន្តែពុំមានចំណងកាទូតផ្លូវការនឹងគ្នានោះទេ។ ដូចជាប្រទេសភាគច្រើនលើសកលលោក ហ្វីលីពីនទទួលស្គាល់តែរដ្ឋាភិបាលក្រុងប៉េកាំង ដោយគោរពគោលនយោបាយចិនតែមួយ។

គួរជម្រាបផងដែរថា អង្គការសុខភាពពិភពលោកដែលហៅកាត់ថា WHO បានចាត់ចូលតៃវ៉ាន់ទៅក្នុងប្រទេសចិនដែរ ពាក់ព័ន្ធបញ្ហារីករាលដាលនៃវីរុស COVID-19 ដែលនាំឱ្យបណ្តាប្រទេសមួយចំនួន បានដាក់ការរឹតត្បិតទៅលើប្រជាជនតៃវ៉ាន់ ដូចគ្នាទៅនឹងប្រជាជនចិនដែរ បើទោះបីជាតៃវ៉ាន់ត្រូវបានគ្រប់គ្រងដាច់ដោយឡែកពីប្រទេសចិនក៏ដោយ។

ជុំវិញករណីនេះ ភាគីតៃវ៉ាន់បានត្អូញត្អែរម្តងហើយម្តងទៀតថា ប្រទេសរបស់ខ្លួនមានករណីឆ្លងវីរុសត្រឹម ១៨ករណីប៉ុណ្ណោះ វាជាតួលេខតិចតួចមែនទែន បើធៀបនឹងករណីឆ្លងនៅប្រទេសចិនដែលមានចំនួនប្រហែល៦០,០០០ ករណី។ វាជារឿងអយុត្តិធម៍ ដែលអង្គការសុខភាពពិភពលោក បញ្ចូលពួកគេជាមួយចិន និងបំភាន់ប្រទេសផ្សេងៗ ឱ្យជឿថាកោះតៃវ៉ាន់ កំពុងប្រឈមមុខការរីករាលដាលធ្ងន់ធ្ងរដូចគ្នា៕