(បាងកក)៖ ប៉ូលិសអន្តោប្រវេសន៍ថៃបាននិងកំពុងធ្វើកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ជុំវិញរឿងនាវាទេសចរណ៍ វែស្ទឺរដាម (Westerdam) ដែលត្រូវបានអនុញ្ញាតឱ្យចូលចតនៅខេត្តព្រះសីហនុរបស់កម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះតែម្តង។ នេះបើតាមសម្តីមេបញ្ជាការកងពលទី ៣ នៃប៉ូលិសអន្តោប្រវេសន៍លោក អាឆាយ៉ុន ក្រៃថុង (Archayon Kraithong) ដកស្រង់ចេញផ្សាយដោយសារព័ត៌មានថៃ The Nation នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។

ថៃគឺជាប្រទេសមួយនៅក្នុងចំណោមប្រទេសចំនួន ៤ និងកោះចំនួន ២ ដែលបានហាមឃាត់កប៉ាល់ Westerdam ចូលចតនៅកំពង់ផែរបស់ខ្លួន ដោយសារតែការព្រួយបារម្ភពីការឆ្លងវីរុសកូរ៉ូណាថ្មី Covid-19។ លោក Archayon បានគូសបញ្ជាក់យ៉ាងដូច្នេះថា «កប៉ាល់នៅតែបន្តស្ថិតនៅផ្ទៃទឹកសមុទ្រនៅឡើយ ខណៈបុគ្គលិកសុខាភិបាលនៅក្នុងតំបន់ បានឡើងលើកប៉ាល់នោះដើម្បីត្រួតពិនិត្យ និងតាមដានអ្នកដំណើរព្រមទាំងនាវិកទាំងអស់។ យើងបានស្នើសុំរដ្ឋាភិបាលកម្ពុជា នូវបញ្ជីឈ្មោះអ្នកដំណើរដែលចង់ឆ្លងកាត់ ឬចូលក្នុងប្រទេសថៃ ក៏ដូចជាលទ្ធផលត្រួតពិនិត្យសុខភាពរបស់ពួកគេផងដែរ»

គួរជម្រាបថា បើតាមលោក Archayon រដ្ឋាភិបាលថៃបានដាក់ពង្រាយបុគ្គលិកពេទ្យមកពីក្រសួង នៅតាមប៉ុស្ដិ៍ត្រួតពិនិត្យព្រំដែនទាំងអស់ជាមួយកម្ពុជា ក្នុងគោលបំណងត្រួតពិនិត្យអ្នកដំណើរមកពីកប៉ាល់ Westerdam ជាថ្មីម្ដងទៀត មុននឹងអនុញ្ញាតឱ្យពួកគេចូលទឹកដីថៃ៕