(សាន់ ហ្វ្រាន់ស៊ីស្កូ)៖ ក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing នាថ្ងៃអង្គារសប្តាហ៍នេះ បានព្យាករណ៍ថា តំបន់អាស៊ីអាគ្នេយ៍នឹងត្រូវការយន្តហោះថ្មី ចំនួន៤,៥០០គ្រឿង ក្នុងរយៈពេលពីរទសវត្សរខាងមុខ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០។

យោងតាមការព្យាករ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ នឹងចំណាយលុយសរុបដល់៧១០ពាន់លានដុល្លារ ដើម្បីដាក់ការបញ្ជាទិញយន្តហោះ ។ លោក Randy Tinseth នាយករងផ្នែកទីផ្សាររបស់ក្រុមហ៊ុន Boeing បានលើកឡើងថា វៀតណាម ថៃ និងឥណ្ឌូណេស៊ី បានរួមចំណែកធំជាងគេក្នុងការធ្វើឲ្យ ការតម្រូវយន្តហោះនៅក្នុងទីផ្សារតំបន់អាស៊ីគ្នេយ៍មានការកើនឡើង។

មន្រ្តីជាន់ខ្ពស់ក្រុមហ៊ុន Boeing រូបនេះ បានបន្តថា តំបន់អាស៊ីអាគ្នេយ៍បានក្លាយជាទីផ្សារអាកាសចរណ៍ដ៏ធំបំផុតមួយនៅលើពិភពលោក ស្របពេលដែល ប្រជាជននៅតាមប្រទេសនោះ បន្តមានជីវភាពប្រសើរ ហើយទីផ្សារកាន់តែបើកទូលាយ ខណៈវិស័យទេសចរណ៍រីកដុះ ដាលខ្លាំងទាំងនៅក្នុងស្រុក និងទាំងនៅថ្នាក់តំបន់និងអន្តរជាតិ។

គួរជម្រាបថា ទៅទូទាំងពិភពលោក ក្រុមហ៊ុន Boeing បានព្យាករណ៍ថា យន្តហោះសរុបចំនួន៤៤,០៤០គ្រឿង នឹងត្រូវការក្នុងអំឡុងពេល ២០ឆ្នាំខាងមុខ ដែលនឹងបង្កើតចំណូលប្រមាណ៦.៨ទ្រីលានដុល្លារក្នុងការលក់យន្តហោះ បូករួមជាមួយ៩.១ទ្រីលានដុល្លារពីសេវាថែទាំ និងគ្រឿងបន្លាស់ផ្សេងៗ៕